ពិធីបើកសន្និបាត និងវាយតម្លៃការងារអប់រំ ពិភាក្សារកចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីអភិវឌ្ឍន៍ចំណេះដឹងយុវជន របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ!
ខេត្តកំពង់ធំ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសិក្សាធិការ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យនានាជាច្រើនទៀត ក្នុងការធ្វើកំណែទម្រង់ជាយុទ្ធសាស្ត្រ លើការអនុវត្តផែនការណ៍ និងសកម្មភាព សំដៅលើកកម្ពស់គុណភាពសិក្សា និងការអប់រំ តាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀន ដើម្បីទទួលបានសមត្ថភាពគ្រប់គ្រង និងអភិបាលកិច្ចល្អ ទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធសិក្សា។
មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ នៅថ្ងៃទី២៧មករាឆ្នាំ២០២០ មន្ទីរបានប្រារព្ធពិធីបើកសន្និបាត បូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ និងលើកទិសដៅឆ្នាំសិក្សា ២០១៩-២០២០។ ពិធីនេះបានធ្វើឡើងក្រោមការបង្ហាញវត្តមានពី អភិបាលរងខេត្តកំពង់ធំ លោក ចាន់ តារា ដោយមានការចូលរួមពីមន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីមូលដ្ឋាន ភូមិ ឃុំ-សង្កាត់ អង្គការដៃគូរនានា លោកគ្រូ អ្នកគ្រូ និងនាយកគ្រប់គ្រងសាលា ជាង ៤០០នាក់។
ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ លោក តាន់ ប៊ុនហុង បានរាយការណ៍ ពីលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក ប្រកបដោយមោទនភាព ដោយសម្រេចបានទាំងបរិមាណ និងគុណភាព ដែលជាសកម្មភាពអាទិភាព និងជាយុទ្ធសាស្ត្រ ដែលមន្ទីរបានអនុវត្តកន្លងមក។ លោកថា ការអនុវត្តនោះទៀត ផ្តោតជាសំខាន់ ទៅលើការលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀន សមត្ថភាពគ្រប់គ្រង អភិបាលកិច្ចល្អ ការតាមដានត្រួតពិនិត្យ ការធ្វើអធិការកិច្ច និងការវាយតម្លៃ ដើម្បីបង្កើនកាលានុវត្តភាពស្មើៗគ្នា ដល់កុមារ និងយុវជន ទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដោយធានាឲ្យពួកគេ មានឱកាសរៀនចប់កម្រិតមូលដ្ឋាន៩ឆ្នាំ ក្រោមពាក្យស្លោក « ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ »។
អភិបាលរងខេត្តកំពង់ធំ លោក ចាន់ តារា បានមានប្រសាសន៍ថា «ប្រទេសមានការអភិវឌ្ឍ អាស្រ័យលើការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានឆន្ទៈ » ហើយនៅក្នុងបរិបទនេះ រាជរដ្ឋាភិបាល បានធ្វើការកែទម្រង់ លើវិស័យជាអាទិភាពជាច្រើន ក្នុងនោះ ការកែទម្រង់ រដ្ឋបាលសាធារណៈ កំពុងត្រូវបានអនុវត្តយ៉ាងសកម្ម និងស៊ីជម្រៅ ទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយចំពោះមុខ បណ្ដាវិស័យសំខាន់ៗ មួយចំនួន នៅថ្នាក់ជាតិ ត្រូវបានធ្វើវិមជ្ឈការ មកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលខុសត្រូវអនុវត្ត ដើម្បីឆ្លើយតបទៅនឹង តម្រូវការជាក់ស្ដែង នៅមូលដ្ឋាន ពិសេស សកម្មភាព នៃការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ សេវារដ្ឋបាល និងវិស័យសំខាន់ៗ មួយចំនួន ក្នុងនោះ វិស័យអប់រំយុវជន និងកីឡា ក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងគោលនយោបាយវិមជ្ឈការនេះផងដែរ។
លោកអភិបាលរងខេត្ត បានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យអប់រំ គ្រប់ក្រុង ស្រុក និងថ្នាក់ដឹកនាំគ្រប់មូលដ្ឋានសិក្សា រួមនឹងអាជ្ញាធរ មាតាបិតា ត្រូវយកចិត្តទុកដាក់ ចាត់វិធានការសមស្របនានា ដើម្បីលើកកម្ពស់អត្រាសិក្សារបស់សិស្ស និងកាត់បន្ថយអត្រាបោះបង់ការសិក្សា ឲ្យបាននៅកម្រិតទាបបំផុត។
លោកបានបញ្ជាក់ថា ការចូលរួមដោយយកចិត្តទុកដាក់ ពីសំណាក់លោកគ្រូ អ្នកគ្រូ ចំពោះស្ថានភាពឧបសគ្គរបស់សិស្សានុសិស្ស គឺជាមូលដ្ឋាន នៃការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ ទប់ស្កាត់គ្រប់សកម្មភាពអសកម្មរបស់សិស្ស ការបញ្ជ្រាបការងារអនាម័យ បរិស្ថាន ការថែទាំដាំដើមឈើ ត្រូវធ្វើយ៉ាងណាអោយសិស្សានុសិស្ស លេងកីឡាអោយបានគ្រប់ៗគ្នា បង្ហាត់បង្រៀនដល់សិស្សានុសិស្សនៅគ្រប់កម្រិត ឲ្យកាន់តែល្អបន្ថែមទៀត ជាពិសេស ត្រូវពង្រឹងលើគ្រប់ការប្រឡងទាំងអស់ មិនថាប្រចាំខែ ត្រីមាស ឬ ឆមាស ដើម្បីធ្វើយ៉ាងណាឲ្យសិស្ស ពង្រឹងសមត្ថភាពចំណេះដឹង ជំនាញទន់ ចំណេះដឹងភាសាបរទេស ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួមប្រឡងថ្នាក់ខេត្ត ថ្នាក់ជាតិ អោយទទួលបានជោគជ័យ និង បន្តទៅបរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ជាបន្តទៀត ៕ធ.ដ
ដោយ៖ឡុង សំបូរ