តម្លៃទំនិញប្រើប្រាស់អាមេរិកកើនឡើង ០,៣% ក្នុងខែសីហា ជាអត្រាទាបបំផុតក្នុងរយៈពេល៧ខែនេះ

វ៉ាស៊ីនតោន៖ ​​តម្លៃ​ទំនិញ​ប្រើ​ប្រាស់​​អាមេរិក​​កើន​ឡើង​ទាប​ជាង​ការ​រំពឹង​ទុក​ក្នុង​អត្រា​ ០,៣% ​កាល​ពី​ខែ​សីហា ​ដែល​ជា​ការ​កើន​ឡើង​តិច​តួច​បំផុត​ក្នុង​រយៈ​ពេល​ ៧ ​ខែ​ និង​ជា​សញ្ញា​សង្ឃឹម​មួយ​ដែល​ថា​អតិផរណា​ដែល​ហក់​ឡើង​​​ថ្មី​ៗ​នេះ ​អាច​នឹង​ធ្លាក់​ចុះ​។​

​នាយក​ដ្ឋាន​ការងារ​​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ការ​កើន​ឡើង​នៅ​ខែ​សីហា​គឺ​ខ្សោយ​ជាង​កំណើន ​០.៥% ​​ក្នុង​ខែ​កក្កដា​ និង​​ ០.៩% ​​ក្នុង​ខែ​មិថុនា​ ហើយ​វា​គឺ​ជា​កំណើន​តិច​តួច​បំផុត​ចាប់​តាំង​ពី​តម្លៃ​​កើន​ឡើង​ ០,៣% ​​ក្នុង​ខែម​ករា​ដើម​ឆ្នាំ​។​

​ខណៈ​ពេល​ដែល​ការ​ហក់​ឡើង​​តម្លៃ​ហាក់​ដូច​ជា​​ធូរ​ស្រាល​កាល​ពី​ខែ​មុន​ អ្នក​សេដ្ឋកិច្ច​ព្រមាន​ថា​មូល​ហេតុ​ដូច​គ្នា​នៅ​តែ​មាន​។​ ចង្វាក់​ផ្គត់​ផ្គង់​នៅ​តែ​មាន​ភាព​រអាក់​រអួល​ ជាពិ​សេស​ចំពោះ​សមាស​ធាតុ​សំខាន់​ៗ​ដូច​ជា​បន្ទះ​ឈីប​កុំព្យូទ័រ​ ខណៈ​ដែល​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់​​លើស​ការ​ផ្គត់​ផ្គង់​ ដែល​នឹង​ជំរុញ​ឱ្យ​តម្លៃ​ខ្ពស់​។​

​​រយៈ​ពេល ​១២ ​ខែ​ចុង​ក្រោយ​នេះ​ តម្លៃ​កើន​ឡើង​ ៥,៣% ​ដោយ​ធ្លាក់​ចុះ​បន្តិច​ពី​ពីរ​ខែ​ជាប់​ៗ​គ្នា​ជា​មធ្យម ​៥,៤%​ដែល​ជា​ការ​ឡើង​ថ្លៃ​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល ​១២ ​ខែ ​គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៨​ មក។ តម្លៃស្នូល​ដែល​មិន​រាប់​បញ្ចូល​ថ្លៃ​អាហារ​និង​ថាមពល​​ កើន​ឡើង​ ០,១% ​ក្នុង​ខែ​សីហា ​និង​កើន​ឡើង​ ៤%​ ក្នុង​ឆ្នាំក​ន្លង​ទៅ​ ដែល​ជា​ការកើ​ន​ឡើង​ពី​កំណើន ​១២ ​ខែ​ក្នុង​អត្រា​ ៤,៣% ​ក្នុង​ខែ​កក្កដា​ និង​ ៤,៥% ​ក្នុង​ខែ​មិថុនា​។​

​គណបក្ស​សាធារណរដ្ឋ​បាន​វាយ​ប្រហារ​លើ​រដ្ឋបាល​របស់​លោក​ ចូ បៃដិន ​ចំពោះ​ការ​កើន​ឡើង​នៃ​តម្លៃ​នៅ​ឆ្នាំ​នេះ​ ប៉ុន្តែ​មន្រ្តី​រដ្ឋបាល​​ទទូច​ថា​ ការ​ឡើង​ថ្លៃ​នេះ​​មាន​លក្ខណៈ​បណ្តោះ​អាសន្ន​ ហើយ​​វា​នឹង​ចាប់​ផ្តើម​វិល​ត្រឡប់​មក​រក​កម្រិត​ធម្មតា​វិញ​។​

​មាន​ភស្តុតាង​មួយ​ចំនួន​នៅ​ក្នុង​របាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ដែល​បង្ហាញ​ថា​ ការ​កើន​ឡើង​នៃ​ករណី​ជំងឺ​កូវីឌ-១៩​ ដែល​បណ្តាល​មក​ពី​វ៉ារ្យ៉ង់​ដែលតា​​អាច​រួម​ចំណែក​ដល់​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ទំនិញ​ប្រើប្រាស់​ ជា​ពិសេស​នៅ​ក្នុង​តំបន់​ដែល​មាន​ការ​ធ្វើ​ដំណើរ​មមា​ញឹក​។​ ការ​កើន​ឡើង​សរុប ​០.៣% ​គឺ​ស្ថិត​នៅ​ក្រោម​ការព្យាការណ៍​ដែល​ថា​តម្លៃ​នឹង​កើន​ឡើង​ ០.៤%​ នៅ​ក្នុង​ខែ​សីហា​។​

​ក្រុម​អ្នក​វិភាគ​​និយាយ​ថា​ អត្រា​ទាប​ជាង​ការ​រំពឹង​ទុក​គួរ​តែ​ធានា​ថា​ ធនាគារ​កណ្តាល​ទុក​គោលនយោបាយ​អត្រា​ការ​ប្រាក់​ទាប​បំផុត​របស់​ខ្លួន​នៅ​ការ​ប្រជុំ​នៅ​សប្តាហ៍​ក្រោយ​។​ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​​និយាយ​ថា​ របាយការណ៍​នេះ​មិន​ផ្លាស់ប្តូរ​ទស្សនៈ​ថា​ធនាគារ​កណ្តាល​នឹង​ប្រកាស​ពី​ផែនការ​កាត់​បន្ថយ​ការ​ទិញ​មូលបត្រ​បំណុល​ប្រចាំ​ខែ​របស់​ខ្លួន​នៅ​ចុង​ឆ្នាំ​នេះ​ទេ​ ប្រហែល​ជានៅ​​ក្នុង​កិច្ច​ប្រជុំ​ខែ​វិច្ឆិកា​របស់​ធនាគារ​វិញ​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner