អាមេរិក និងចិនព្រមព្រៀងក្រៅផ្លូវការមិនឱ្យយោធាមីយ៉ាន់ម៉ាចូលកាន់កាប់អាសនៈ អ.ស.ប

ស្រប​ពេល​ដែល​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បើក​សម័យ​ប្រជុំ​ថ្មី​លើក​ទី៧៦ អាសនៈ​តំណាង​មីយ៉ាន់ម៉ា​នៅ​ស្ថាប័ន​អន្តរជាតិ​​នេះ កំពុង​តែ​ស្ថិត​ក្នុង​សភាព​ប្រទាញប្រទង់​គ្នា​យ៉ាង​ខ្លាំង​រវាង​ខាង​យោធា​ ដែល​កំពុង​កាន់​អំណាច និង​ខាង​ស៊ីវិល ដែល​ប្រតិបត្តិការ​ក្រោម​រូបភាព​ជា​​រដ្ឋាភិបាល​រួបរួម​ជាតិ (NUG)។

សមរភូមិ​នៅ​អង្គការសហប្រជាជាតិ កើត​ឡើង​បន្ទាប់​ពី​មីយ៉ាន់ម៉ា​ធ្លាក់​ក្នុង​សមរភូមិ​សង្គ្រាម​ស៊ីវិល ក្រោយ​ដែល​រដ្ឋាភិបាល NUG ប្រកាស​សង្គ្រាម​នឹង​យោធា​ ដែល​គេ​ស្គាល់​ថា​ជា Tatmadaw កាល​ពី​សប្ដាហ៍​មុន​។

ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា ដែល​កំពុង​កាន់កាប់​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ​គឺ លោក Kyaw Moe Tun ដែល​ប្រកាស​ថ្កោល​ទោស​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក​បាន​ធ្វើ​ការ​តស៊ូ​មតិ និង​បញ្ជូន​សារ​របស់​រដ្ឋាភិបាល​ស្រមោល​មីយ៉ាន់ម៉ា​ NUG ទៅ​កាន់​អង្គការ​ពិភពលោក​នេះ។

ជាង​នេះ​ទៅ​ទៀត​ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ លោក​ក៏​បាន​បោះឆ្នោត​គាំទ្រ​សេចក្ដី​សម្រេច​ចិត្ត​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ថ្កោល​ទោស​យោធា​មីយ៉ាន់ម៉ា ហើយ​ក៏​អំពាវនាវ​មិន​ឱ្យ​មាន​លំហូរ​អាវុធ​ចូល​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ដី​គោក​មួយ​នេះ​ទៀត​ផង​។

ចំណែក​ឯ​ខាង​យោធា​វិញ​បាន​ប្រកាស​កាត់​ផ្ដាច់​ទំនាក់ទំនង​រវាង​ខ្លួន​ និង​លោក Kyaw Moe Tun។ ក្រោយ​ពេល​ដែល​ លោក Kyaw Moe Tun លើក​ម្រាម​ដៃ​បី​ និង​ប្រាប់​ពិភពលោក​ថា​ខ្លួន​តំណាង​ឱ្យ​រដ្ឋាភិបាល​គណបក្ស NLD ខាង​យោធា​ក៏​ចោទ​ប្រកាន់​បុរស​ជនជាតិ​ភូមា​រូប​នេះ​ពី​បទ​ក្បត់​ជាតិ។

រដ្ឋមន្ត្រី​ការបរទេស​តែងតាំង​ដោយ​យោធា​ក៏​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​លោក Antonio Guterres ដែល​ជា​ប្រមុខ​ UN កាល​ពី​ខែ​ឧសភា ដើម្បី​ដក​តំណែង​លោក​ទូត​រូប​នោះ ហើយ​ជំនួស​វិញ​ដោយ​អតីត​យោធិន​ជើង​អាកាស​មីយ៉ាន់ម៉ា។

ការ​សម្រេច​លើ​ភាព​ស្រប​ច្បាប់​លើ​តំណាង​របស់​ប្រទេស​ណា​មួយ គឺ​អាស្រ័យ​លើ​ការ​មូល​មតិ​គ្នា​របស់​គណៈកម្មការ​ទទួល​សារ​តាំង​របស់​អង្គការ​សហប្រជាជាតិ​ ដែល​មាន​សមាសភាព ៩ប្រទេស ដោយ​ក្នុង​នោះ​ដែរ​ក៏​មាន​ សហរដ្ឋអាមេរិក ចិន និង​រុស្ស៊ី​ផង​ដែរ។

នៅ​ក្នុង​ឆ្នាំ២០២១​នេះ​ ប្រទេស​មួយ​ចំនួន​មាន​ជួប​បញ្ហា​ដូច​ជា​មីយ៉ាន់ម៉ា​ដែរ ដោយ​ក្នុង​នោះ​មាន​ដូច​ជា​ ប្រទេស​អាហ្វហ្គានីស្ថាន ដែល​មាន​ទូត​នៅ UN ជា​តំណាង​រដ្ឋាភិបាល​ចាស់ ស្រប​ពេល​ដែល​តាលីបង់​ឡើង​កាន់​អំណាច ហើយ​ប្រទេស​ហ្គីណេ ដែល​ទើប​តែ​ជួប​ព្រឹត្តិការណ៍​រដ្ឋប្រហារ​យោធា​នា​ពេល​ថ្មីៗ​នេះ​។

សម្រាប់​បញ្ហា​នៅ​មីយ៉ាន់ម៉ា​វិញ សហរដ្ឋអាមេរិក និង​ចិន​បាន​ព្រមព្រៀង​ក្រៅ​ផ្លូវការ​ថា អ្នក​តំណាង​មក​ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ក្រុម​យោធា នឹង​មិន​មាន​សិទ្ធិ​បង្ហាញ​ខ្លួន​នៅ​ក្នុង​កិច្ចពិភាក្សា​ទូទៅ​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ​នោះ​ទេ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ព្រឹត្តិបត្រ​ព័ត៌មាន Foreign Policy។

បើ​តាម​ប្រភព​ខាង​លើ ការ​ព្រមព្រៀង​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​រុស្ស៊ី សហភាព​អឺរ៉ុប ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន​នៅ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។

បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ លោក Kyaw Moe Tun នឹង​នៅ​បន្ត​ជា​ឯកអគ្គរដ្ឋទូត​ដដែល រហូត​ដល់​ខែ​វិច្ឆិកា ប៉ុន្តែ​លោក​នឹង​មិន​ឡើង​លើ​ឆាក​អង្គការ​សហប្រជាជាតិ​ ដើម្បី​និយាយ​តំណាង​ឱ្យ​មីយ៉ាន់ម៉ា​នោះ​ទេ ទោះ​បី​ជា​លោក​មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ដែល​ត្រូវ​ឡើង​និយាយ​ក៏​ដោយ​។

អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត បុរស​ដែល​រង​ការ​គំរាម​សម្លាប់​ ដោយ​ពលរដ្ឋ​មីយ៉ាន់ម៉ា​កាល​ពី​ខែ​សីហា​កន្លង​ទៅ ក៏​នឹង​មិន​តំណាង​ឱ្យ​រដ្ឋាភិបាល​ NUG ផង​ដែរ ពោល​គឺ​ក្នុង​អំឡុង​ពេល​ដែល​លោក​បន្ត​កាន់​តំណែង​ជា​លោក​ទូត​នេះ លោក​នឹង​មិន​និយាយ​វាយ​ប្រហារ​ទៅ​កាន់​ខាង​យោធា​នោះ​ទេ។ នេះ​ជា​អ្វី​ដែល​ប្រភព​អ្នក​ការ​ទូត​នៅ​អង្គការ​សហប្រជាជាតិ​ប្រាប់​ទៅ​កាន់​សារព័ត៌មាន Foreign Policy។

តាម​រយៈ​កិច្ច​សម្ភាសន៍​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ Foreign Policy លោក Kyaw Moe Tun បាន​លើកឡើង​ថា គណៈកម្មការ​ទទួល​សារតាំង​ពិត​ជា​ពិភាក្សា​លើ​រឿង​នេះ​មែន តែ​មិន​ទាន់​ចេញ​លទ្ធផល​។ ​លោក​មិន​បាន​និយាយ​ទាក់ទិន​នឹង​រឿង​លោក​នឹង​ឡើង​ទៅ​និយាយ​នៅ​វេទិកា​ UN ឬ​យ៉ាង​ណា​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​តាម​គណនី​ Twitter របស់​លោក​ទូត​មីយ៉ាន់ម៉ា​រូប​នេះ បុរស​វ័យ ៥២ឆ្នាំ​រូប​នេះ នៅ​តែ​បញ្ចេញ​មតិ​គាំទ្រ​រដ្ឋាភិបាល NUG ចំពោះ​ការ​ប្រកាស​សង្គ្រាម​ការពារ​ប្រជាជន ដែល​ជា​ការ​អំពាវនាវ​របស់ NUG ទៅ​ដល់​គ្រប់​ភាគី​នៅ​មីយ៉ាន់ម៉ា​ឱ្យ​បះបោរ​ប្រឆាំង​នឹង​របប​យោធា។

លើស​ពី​នេះ​ទៅ​ទៀត​ លោក​ក៏​បាន​ចូល​រួម​ក្នុង​បាតុកម្ម​មួយ​នៅ​ក្បែរ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ដែល​ទាមទារ​ឱ្យ​ UN បដិសេធ​ខាង​យោធា និង​ទទួល​ស្គាល់​រដ្ឋាភិបាល NUG កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។

ពាក់ព័ន្ធ​នឹង​រឿង​ប្រទាញប្រទង់​កៅអី​នៅ UN នេះ​ដែរ ខាង​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​មិន​ទាន់​បង្ហាញ​គោលជំហរ​ណា​មួយ​នោះ​ទេ​។

យ៉ាងណាមិញ អ្នកស្រី Yin Yin Nweដែល​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក មីន អ៊ុងឡាំង​ បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ កាល​ពី​ខែ​សីហា​ថា «ប្រសិន​បើ​អង្គការ​សហប្រជាជាតិ​មិន​ទទួល​ស្គាល់​មីយ៉ាន់ម៉ា​ទេ [សំដៅ​លើ​រដ្ឋាភិបាល​របស់​ក្រុម​យោធា] នោះ​ការិយាល័យ​របស់​អង្គភាព​អង្គការ​សហប្រជាជាតិ​ទាំង​អស់​នៅ​មីយ៉ាន់ម៉ា​នឹង​ត្រូវ​បិទ​ចោល»។

​លោក Ye Myo Hein ដែល​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​មួយ​រូប​នៅ​មជ្ឈមណ្ឌល​ Wilson ដែល​ជា​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​មួយ​របស់​សហរដ្ឋអាមេរិក បាន​​និយាយ​ថា ប្រភព​យោធា​មីយ៉ាន់ម៉ា​មួយ​បង្ហើប​ប្រាប់​លោក​ថា ខាង​យោធា​បញ្ជាក់​ពី​គោលជំហរ​នេះ​ទៅ​កាន់​អ្នក​ការទូត​បរទេស​ផង​ដែរ។

ចំណែក​ឯ​ខាង​រដ្ឋាភិបាល​ស្រមោល​ NUG វិញ គិត​មក​ទល់​ពេល​នេះ​ដែរ មាន​ប្រទេស​លោក​ខាង​លិច​ជា​ច្រើន​បាន​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្នា។ យោង​តាម​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​ខាង NUG អ្នកស្រី Zin Mar Aung បាន​អះអាង​ប្រាប់ Nikkei ថា ប្រទេស​ឆេក បារាំង និង​អូស្ត្រាលី «បាន​ទទួល​ស្គាល់​តំណាង​មីយ៉ាន់ម៉ា​ប្រចាំ​ប្រទេស​ទាំង​នោះ​ ដែល​តែងតាំង​ដោយ NUG»។

យ៉ាងណាមិញ អ្នកស្រី​ទម្លាយ​ថា NUG មាន​តែ​ការ​ធ្វើ​ទំនាក់ទំនង​អន្តរជាតិ តែ​មិន​បាន​គ្រប់គ្រង​ផ្ទៃដី​ណា​មួយ​នៅ​មីយ៉ាន់ម៉ា ក្នុង​នាម​ជា​រដ្ឋ​មួយ។ រឿង​នេះ​ហើយ​ជា​ ចំណុច​ចាញ់​ប្រៀប​របស់ NUG ស្រប​ពេល​ដែល​កៅអី​មីយ៉ាន់ម៉ា​នៅ UN កំពុង​តែ​មាន​ការ​ប្រជែង​គ្នា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner