រដ្ឋមន្រ្តីការបរទេសចិនពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងស្តីពីស្ថានភាពនៅ តំបន់ឧបទ្វីបកូរ៉េ ក្រោយកូរ៉េខាងជើងធ្វើតេស្តមីស៊ីលជាបន្តបន្ទាប់
ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានជួបពិភាក្សាគ្នាជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោក គឺលោក ជុង អ៊ីយ៉ុង ស្តីពីស្ថានការណ៍នៅលើតំបន់ឧបទ្វីបកូរ៉េ ដោយខាងភាគីទីក្រុងសេអូលជំរុញអោយទីក្រុងប៉េកាំងគាំទ្រគោលនយោបាយរបស់ខ្លួនលើប្រទេសកូរ៉េខាងជើង។
លោក ជុង អ៊ីយ៉ុង បានជួបពិភាក្សាជាមួយលោក វ៉ាង យី នៅក្នុងទីក្រុងសេអ៊ូល នៅថ្ងៃពុធនេះ បន្ទាប់ពីលោក វ៉ាង បានមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាម កម្ពុជា និងសង្ហិបុរី។ លោក ជុង បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូង-ចិនបានសហការគ្នាឆ្ពោះទៅគោលដៅរួមមួយ នៃការសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរពេញលេញនិងនាំមកនូវសន្តិភាពអចិន្រ្តៃយ៍ដល់ឧបទ្វីបកូរ៉េ។ បន្ថែមលើនេះ លោក ជុង បានជំរុញឱ្យចិនបន្តការគាំទ្របន្ថែមទៀត ចំពោះគំនិតផ្តួចផ្តើមសន្តិភាពរបស់កូរ៉េខាងត្បូង។
ដោយឡែកលោក វ៉ាង បាននិយាយអំពីទំនាក់ទំនងទ្វេភាគីដែលនឹងប្រារព្ធខួបលើកទី ៣០ នៅឆ្នាំក្រោយ។ លោក វ៉ាង បានកត់សម្គាល់ថា ប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងជិតស្និទ្ធ និងបានកសាងភាពជាដៃគូយុទ្ធសាស្ត្រ។ លោក វ៉ាង ក៏បានបង្ហាញពីចេតនារបស់ចិន ក្នុងការស្វែងរកទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀតផងដែរ៕ប្រភព៖ NHK

