UN អំពាវនាវអោយបញ្ចេញថវិកា១.២ពាន់ដុល្លារដែលបានសន្យាអោយឆាប់រហ័សដើម្បីជួយអាហ្វហ្គានីស្ថាន ខណៈតាលីបង់អរគុណអន្តរជាតិដែលផ្តល់ជំនួយ
កាប៊ុល៖ អង្គការសហប្រជាជាតិបានធ្វើការអំពាវនាវដល់បណ្តាប្រទេសដែលបានសន្យាផ្តល់ជំនួយសង្គ្រោះគិតជាទឹកប្រាក់ចំនួន១,២ពាន់លានដុល្លារដល់អាហ្វហ្គានីស្ថាន អោយឆាប់បញ្ចេញមូលនិធិនេះ ដើម្បីប្រែក្លាយប្រាក់ទៅស្បៀងអាហារ ការថែទាំសុខភាព និងការការពារជនរងគ្រោះ។
អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្ទេហ្វែន ឌូហ្សារីក ថ្លែងថា អង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌ រួមទាំងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិអាចធ្វើចលនាយ៉ាងឆាប់រហ័ស ដើម្បីប្រែក្លាយមូលនិធិទៅជាស្បៀងអាហារ ការថែទាំសុខភាព និងការការពារកុមារអាហ្វហ្គានីស្ថាន ស្ត្រីនិងបុរសដែលត្រូវការជំនួយ។ លោកបន្ថែមថា អង្គការពិភពលោក និងដៃគូមនុស្សធម៌របស់ខ្លួនបន្តផ្តល់ជំនួយដល់មនុស្សរាប់លាននាក់ ដែលត្រូវការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ បេសកកម្មជួយសង្គ្រោះជាច្រើនបានធ្វើពីទីក្រុង ម៉ាហ្សា-អ៊ី-សារីហ្វ តាមផ្លូវទៅ ម៉ាម៉ាណា និងពីទីក្រុងកាប៊ុល ទៅ ចាឡាឡាបាដ។ ទន្ទឹមនេះ ក្រុមតាលីបង់នៅថ្ងៃអង្គារសប្ដាហ៍នេះ បានថ្លែងអំណរគុណដល់ពិភពលោក ដែលបានសន្យាផ្តល់ជំនួយសង្គ្រោះបន្ទាន់ នូវទឹកប្រាក់រាប់រយលានដុល្លារដល់ប្រទេសអាហ្វហ្គានីស្ថាន ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកបង្ហាញទឹកចិត្តចំពោះប្រទេសក្រីក្រមួយនេះផង។
បើតាមរដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេសអាហ្វហ្គានីស្ថានលោក អាមៀ ខាន់ មូតតាគី យើងសូមអរគុណ និងស្វាគមន៍ការសន្យារបស់ពិភពលោក ចំពោះជំនួយនូវទឹកប្រាក់ប្រហែលមួយពាន់លានដុល្លារអាមេរិក ហើយសុំឱ្យពួកគេបន្តផ្តល់ជំនួយ ដល់ប្រទេសអាហ្វហ្គានីស្ថានទៅមុខទៀត។ ពួកយើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ជំនួយនេះដល់ប្រជាជនខ្វះខាត ប្រកបដោយតម្លាភាព៕ ប្រភព៖ CGTN និង CNA



