រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីបរិស្ថាន ចុះដល់មូលដ្ឋានអ្នកជំងឺជនជាតិចិន ដែលឆ្លងវីរុសកូរ៉ូណា នៅបន្ទប់ដាច់ដោយឡែក ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ព្រះសីហនុ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុនោះ, ឯកឧត្តមរដ្ឋមន្រ្តីទាំង២រូប បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ អ្នកជំងឺជនជាតិចិនម្នាក់ ដែលឆ្លងវីរុសកូរ៉ូណា ដែលកំពុងសម្រាកនៅបន្ទប់ដាច់ដោយឡែក ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ បុរសជនជាតិចិន ដែលឆ្លងវីរុសនេះមានឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុង វូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ជាមួយក្រុមគ្រួសារ៤នាក់ ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះ មានវិជ្ជមានវីរុស កូរ៉ូណា តែម្នាក់គត់គឺលោក ចា ជិនហួរ។ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសផ្លូវការ ដោយបានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីទីក្រុង វូហាន ប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ។ហើយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃម្សិលមិញនោះ ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីនេះ បាននឹងកំពុងដាក់នៅដាច់ដោយឡែកពីគេ នៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ៕