តុលាការព្រហ្មទណ្ឌអន្តរជាតិ បើកការស៊ើបអង្កេតលើយុទ្ធនាការ «សង្គ្រាមប្រឆាំងគ្រឿងញៀន» របស់ប្រធានាធិបតីហ្វីលីពីន

អង្គ​បុរេ​ជំនុំជម្រះ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​បាន​ចេញ​សេចក្ដី​សម្រេច​ចិត្ត​មួយ​កម្រាស់​ ៤១ទំព័រ​ស្ដីពី​ស្ថានភាព​នៅ​ប្រទេស​ហ្វីលីពីន ដោយ​បើក​ឱ្យ​មាន​ការ​ស៊ើបអង្កេត​លើ​ «សង្គ្រាម​ប្រឆាំង​គ្រឿងញៀន» ដែល​ជា​យុទ្ធនាការ​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គូ ឌុយទែរតេ។

សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ ជា​គោលនយោបាយ​ប្រឆាំង​គ្រឿងញៀន​មួយ​របស់​រដ្ឋការ​លោក ឌុយទែរតេ ដោយ​គោលនយោបាយ​នេះ​អនុញ្ញាត​ឱ្យ​សម្លាប់​អ្នក​ជួញដូរ និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ មិន​ចាំ​បាច់​ឆ្លង​កាត់​តាម​ផ្លូវ​តុលាការ។ ស្ថិតិ​របស់​រដ្ឋាភិបាល​រក​ឃើញ​ថា មនុស្ស​ ៦ពាន់​នាក់​ត្រូវ​បាន​ស្លាប់​ដោយ​សារ​តែ​រឿង​នេះ តែ​ខាង​អង្គការ​សិទ្ធិមនុស្ស​អះអាង​ថា​អ្នក​ស្លាប់​មាន​ច្រើន​ជាង​នេះ។

តុលាការ ICC ជា​តុលាការ​អន្តរជាតិ​មួយ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០០២ តាម​រយៈ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ដែល​មាន​សមត្ថកិច្ច​ក្នុង​ការ​កាត់​ទោស​លើ​ «បុគ្គល» ដែល​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ជាន់​ខ្ពស់ ដែល​មាន​ដូច​ជា ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​លុបបំបាត់​ពូជសាសន៍។ នៅ​អាស៊ីអាគ្នេយ៍ កម្ពុជា​ជា​ប្រទេស​តែ​មួយ​គត់​ ដែល​ជា​សមាជិក​តុលាការ​នេះ ក្រោយ​ពេល​ដែល​ហ្វីលីពីន​ក្រោម​អាណត្តិ​លោក ឌុយទែរតេ ដក​ខ្លួន​កាល​ពី​ឆ្នាំ២០១៩។

ការ​បើក​ឱ្យ​មាន​ការ​ស៊ើបអង្កេត​លើ​យុទ្ធនាការ​ប្រឆាំង​នឹង​គ្រឿងញៀន​ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ ICC រក​ឃើញ​ថា ការ​សម្លាប់​រង្គាល នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក ឌុយទែរតេ មាន​ «ធាតុ​ច្បាប់» នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។

ទោះ​ជា​ហ្វីលីពីន​ចេញ​ពី​តុលាការ​នេះ​ក្ដី ក៏​ខាង​​ ICC ថា​ខ្លួន​មាន​សិទ្ធិ​ស៊ើបអង្កេត​អំឡុង​ឆ្នាំ២០១៦ ដល់​ឆ្នាំ២០១៩ ដែល​ជា​អំឡុង​ពេល​ដែល​លោក​ឌុយទែរតេ​ធ្វើ​ជា​ប្រធានាធិបតី ហើយ​ថែម​ទាំង​ស៊ើបអង្កេត​លើ​ការ​បង្ក្រាប​គ្រឿងញៀន អំឡុង​ពេល​ដែល​លោក​ធ្វើ​ជា​អភិបាល​ក្រុង Davao ចាប់​ពី​ឆ្នាំ២០១១ ដល់​ឆ្នាំ២០១៦ ទៀត​ផង​។

នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ ខាង​រដ្ឋាភិបាល​ហ្វីលីពីន​ក៏​បាន​ឆ្លើយតប​ថា ខាង​ខ្លួន​នឹង​មិន​សហការ​ជាមួយ​ ICC នោះ​ទេ ក្នុង​ការ​ស៊ើបអង្កេត​លើ​យុទ្ធនាការ​របស់​លោក ឌុយទែរតេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner