ឯកឧត្តម សាយ សំអាល់ ផ្ញើសារលិខិត អបអរសាទរទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០២១

ក្នុងសារលិខិតអបអរសាទរទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ការប្រារព្ធ«ទិវាអូហ្សូនពិភពលោក» ជាព្រឹត្តិការណ៍ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីភាពចាំបាច់ និងសារៈប្រយោជន៍នៃការចូលរួមថែរក្សាការពារស្រទាប់អូហ្សូន ដែលជារបាំងការពារភពផែនដីពីកាំរស្មី ពណ៌ស្វាយនិងចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការកាត់បន្ថយការកើនកម្តៅភពផែនដី។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងសារទៅកាន់បណ្តាប្រទេសនិងប្រជាពលដ្ឋលើសាកលលោកក្នុងទិវានេះថា “ជាការពិតណាស់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិជាច្រើននៅលើពិភពលោក រហូតមកដល់ពេលនេះ យើងបានលុបបំបាត់ស្ទើរទាំងស្រុងនូវសារធាតុបំផ្លាញស្រទាប់អូហ្សូន ហើយសង្ឃឹមថា ស្រទាប់អូហ្សូននឹងអាចរួមភ្ជិតមកវិញនៅក្នុងទសវត្សរ៍ឆ្នាំ២០៥០ខាងមុខ”។

ជាមួយគ្នា ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា៖ សារធាតុបំផ្លាញស្រទាប់អូហ្សូន ក៏ជាសារធាតុដែលមានសក្តានុពលធ្វើឱ្យកើនកម្ដៅខ្ពស់ផងដែរ ដូច្នេះកិច្ចខិតខំប្រឹងប្រែងរបស់មនុស្សជាតិក្នុងការអនុវត្ដពិធីសារម៉ុងរ៉េអាល់ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកើនកម្ដៅភពផែនដី។ ជាក់ស្តែង ក្នុងចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០១០ ពិភពលោកបានរួមគ្នាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស ប្រមាណ១៣៥ពាន់លានតោន ។ ជាមួយគ្នានេះ ចាប់ពីឆ្នាំ២០០០មក ស្រទាប់អូហ្សូនក៏បានភ្ជិតឡើងវិញ ក្នុងអត្រាប្រមាណពី១-៣%ក្នុងមួយឆ្នាំ ដែលការភ្ជិតទាំងស្រុងនឹងកើតមានឡើងនៅក្នុងឆ្នាំ២០៣០ សម្រាប់ប៉ូលខាងជើង និងក្នុងឆ្នាំ២០៥០ សម្រាប់ប៉ូលខាងត្បូង។ ទន្ទឹមនឹងការភ្ជិតមកវិញនូវស្រទាប់អូហ្សូន យើងក៏សង្ឃឹមថានឹងអាចទប់ស្កាត់ការកើនកម្ដៅភពផែនដីផងដែរ តាមរយៈការអនុវត្ដវិសោធនកម្មទីក្រុងគីហ្កាលី នៃពីធីសារម៉ុងរ៉េអាល់។

ឯកឧត្តម សាយ សំអាល់ បានថ្លែងបញ្ជាក់បន្ថែមថា បើទោះបីជាឆ្នាំនេះ ជំងឺកូវីដ-១៩ នៅតែបន្តរាតត្បាតយ៉ាងស្រួចស្រាល់ ដែលបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមនិងសេដ្ឋកិច្ចក៏ដោយ ក៏យើងមិនអាចបំភ្លេចនូវកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិ ក្នុងការខិតខំរួមគ្នាថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដីរបស់យើងផងដែរ តាមរយៈជ្រើសរើសការប្រើប្រាស់សារធាតុធ្វើឱ្យត្រជាក់ក្នុងបរិក្ខារត្រជាក់ និងម៉ាស៊ីនត្រជាក់ ដែលមិនបំផ្លាញស្រទាប់អូហ្សូន និងមានសក្តានុពលកម្តៅសកលទាប។

ទាក់ទិនទៅនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់នូវសារធាតុបំផ្លាញស្រទាប់អូហ្សូននេះដែរ ឯកឧត្តមរដកឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងនាមជារដ្ឋភាគីកម្ពុជាបានបញ្ឈប់ការប្រើប្រាស់សារធាតុ ក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) ទាំងស្រុងក្នុងឆ្នាំ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ស្របតាមកាតព្វកិច្ចដែលមានចែងក្នុងពិធីសារម៉ុងរ៉េអាល់។

ឯកឧត្តមរដ្ឋមន្រ្តីឱ្យដឹងបន្ថែមថា” ក្នុងន័យនេះ កម្ពុជាប្តេជ្ញាបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុដែលមានសក្តានុពលធ្វើឱ្យកើនកម្ដៅខ្ពស់។ កម្ពុជាបាននិងកំពុង អនុវត្តផែនការគ្រប់គ្រងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC Phase-out Management Plan) ក្នុងនោះដំណោះស្រាយប្រសិទ្ធភាពថាមពលក្នុងការប្រើប្រាស់ឧបករណ៍ត្រជាក់ដែលមានសក្តានុពលកម្តៅសកលទាបឬសូន្យ ត្រូវបានគេរំពឹងថានឹងផ្តល់នូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ច ព្រមទាំងសុខភាពមនុស្ស និងសន្តិសុខថាមពលផងដែរ”។

គួរបញ្ជាក់ថា «ទិវាអូហ្សូនពិភពលោក» បានប្រារព្ធឡើងក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់បានជួយថែរក្សាយើង ម្ហូបអាហារ និងវ៉ាក់សាំងរបស់យើងឱ្យត្រជាក់ » (Montreal Protocol-Keeping us, our food and vaccines cool) និងមានការចូលរួមពីរដ្ឋាភិបាលជាសមាជិក និងប្រជាជននៃប្រទេសចំនួន១៩៨ នៅលើសាកលលោក ។«ទិវាអូហ្សូនពិភពលោក»នាឆ្នាំនេះគឺជាខួបលើកទី៣៦ នៃ «អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន» ឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៤ នៃ «ពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន« ឆ្នាំ១៩៨៧។ លេខាធិការដ្ឋានអូហ្សូននៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ កំណត់យកថ្ងៃទី១៦ ខែកញ្ញា ជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក» ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៥ មក ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ ក៏ដូចជាអបអរសាទរដល់សមិទ្ធផលនិងវឌ្ឍនភាពជាច្រើន ដែលយើងរួមគ្នាសម្រេចបាន សំដៅឆ្ពោះទៅការពារឱ្យបាននូវស្រទាប់អូហ្សូន៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner