នាយករដ្ឋមន្រ្តីកាណាដារងការរិះគន់លើកំណើនអតិផរណា ខណៈការប្រកួតប្រជែងការបោះឆ្នោតកាន់តែខិតជិតមកដល់
មេដឹកនាំគណបក្សប្រឆាំងដ៏ធំរបស់កាណាដាកាលពីថ្ងៃពុធនិយាយថា កំណើននៃអតិផរណាកាលពីខែមុនបង្ហាញពីការបរាជ័យនៃគោលនយោបាយសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ចាស្ទីន ទ្រូដូ (Justin Trudeau )និងជំរុញឱ្យប្រជាជនកាណាដាបោះឆ្នោតទម្លាក់រដ្ឋាភិបាលនៅក្នុងការបោះឆ្នោតសភានាថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ។

លោក Erin O’Toole មកពីគណបក្សអភិរក្សនិយមនិយាយថា ជនជាតិកាណាដាកំពុងជួបប្រទះវិបត្តិលទ្ធភាពទិញ ហើយបន្ទោសលើអ្វីដែលលោកហៅថាជាការចំណាយមិនប្រុងប្រយ័ត្នរបស់នាយករដ្ឋមន្ត្រី និងបំណុលដ៏ច្រើន។ លោកនិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «វាជាបញ្ហាដែលលោក ចាស្ទីន ទ្រូដូ ហាក់ដូចជាមិនខ្វល់អំពីថ្លៃដើមនៃការរស់នៅ ដែលកំពុងដាក់បន្ទុកលើជនជាតិកាណាដាតាមរយៈអតិផរណា»។

ស្ថិតិកាណាដាបង្ហាញថា អត្រាអតិផរណាប្រចាំឆ្នាំក្នុងខែសីហាកើនឡើងដល់ ៤,១% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមីនា ឆ្នាំ ២០០៣ និងឡើងពី ៣,៧ ក្នុងខែកក្កដា ដោយសារការឡើងថ្លៃប្រេងសាំង ថ្លៃដើមលំនៅដ្ឋាន តម្លៃទំនិញដូចជាគ្រឿងសង្ហារឹម គ្រឿងប្រើប្រាស់ និងយានយន្ត រួមជាមួយថ្លៃដើមទាក់ទងនឹងការធ្វើដំណើរខ្ពស់ក្រោយការរឹតត្បិតបានបន្ធូរបន្ថយជាដើម។

ខណៈដែលកំណត់ត្រាបំណុល និងឱនភាពថវិកាខ្ពស់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២ ក្នុងរយៈពេល ៦ ឆ្នាំនៃការកាន់អំណាច លោក ទ្រូដូ មកពីគណបក្សសេរីនិយម សន្យាថានឹងវិនិយោគបន្ថែមទៀតប្រសិនបើលោកឈ្នះឆ្នោតនៅអាណត្តិនេះ។

នាយករដ្ឋមន្រ្តីរូបនេះនិយាយថា លោកទទួលស្គាល់ថាពលរដ្ឋកាណាដាមានការព្រួយបារម្ភអំពីតម្លៃនៃទំនិញ នោះហើយជាមូលហេតុដែលរដ្ឋាភិបាលរបស់លោកចំណាយយ៉ាងច្រើនដើម្បីការពារអាជីវកម្ម និងប្រជាជនពីការរាតត្បាតដ៏អាក្រក់បំផុត។ លោកប្រាប់អ្នកយកព័ត៌មានថា៖ «កាណាដាកំពុងងើបឡើងវិញពីវិបត្តិធ្ងន់ធ្ងរនៃជំងឺរាតត្បាតដែលបណ្តាលឱ្យមានការរំខានច្រើន ហើយតម្លៃក៏កើនឡើង»។
ធនាគារកាណាដានិយាយថា ការកើនឡើងនៃតម្លៃគឺមានលក្ខណៈបណ្តោះអាសន្ន ហើយរំពឹងថាអតិផរណានឹងធូរស្រាលឡើងវិញ ឆ្ពោះទៅរកគោលដៅ ២% របស់ធនាគារកណ្តាលនៅឆ្នាំ ២០២២។

លោក O’Toole និយាយថា រដ្ឋាភិបាលរបស់លោកនឹងដោះស្រាយអតិផរណាខ្ពស់ ដោយកាត់បន្ថយល្បឿននៃការចំណាយ និងអនុញ្ញាតឱ្យមានការប្រកួតប្រជែងកាន់តែច្រើននៅក្នុងទីផ្សារអ៊ីនធឺណិត។ មេដឹកនាំបក្សអភិរក្សនិយមរូបនេះសន្យាថា នឹងធ្វើឱ្យមានតុល្យភាពថវិកាក្នុងរយៈពេលមួយទសវត្សរ៍ដោយគ្មានការកាត់បន្ថយ ប៉ុន្តែមិនបានពន្យល់ពីរបៀបយ៉ាងណានោះទេ។

ការស្ទង់មតិរបស់ Nanos Research ទៅលើជនជាតិកាណាដាចំនួន ១ ២០០ នាក់កាលពីថ្ងៃពុធបង្ហាញថា ៣១.២ ភាគរយ នៃអ្នកឆ្លើយតបផ្តល់ការគាំទ្រជាសាធារណៈដល់បក្សអភិរក្សនិយម ៣០.៥ភាគរយលើបក្សសេរីនិយម និង ២១.៤ភាគរយលើបក្សប្រជាធិបតេយ្យថ្មី។ លទ្ធផលនេះ អាចនាំឱ្យមានការជាប់គាំង ដែលគ្មានគណបក្សណាមួយអាចបង្កើតសូម្បីតែរដ្ឋាភិបាលភាគតិចដែលមានស្ថិរភាព។