អភិបាលខេត្តកំពត ប្រជុំសម្របសម្រួលដោះស្រាយ ទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ

កំពត ÷ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ប្រជុំសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋនៅភូមិបឹងតារោង ឃុំព្រៃឃ្មុំស្រុកទឹកឈូ ពាក់ព័ន្ធទំនាស់ដណ្តើមដីចំណីផ្លូវ ប្រជាពលរដ្ឋរស់នៅនិងអាស្រ័យផលលើដីចំណីផ្លូវតាមបណ្ដោយនៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូបានកើតជម្លោះដណ្តើមដីចំណីផ្លូវ អតីតផ្លូវរថភ្លើងចាស់ ត្រង់ចំណុចបំបែកចេញពីស្ថានីយរថភ្លើងខេត្តកំពតឆ្ពោះទៅកាន់រោងចក្រស៊ីម៉ង់ត៍ចក្រីទីង។

បន្ទាប់ពីមានប្រជាពលរដ្ឋដាក់ពាក្យស្នើសុំរដ្ឋបាលខេត្ត ជួយអន្តរាគមន៍សម្របសម្រួលដោះស្រាយ ពាក់ព័ន្ធនឹងទំនាស់ដីធ្លីមួយកន្លែងដែលស្ថិតនៅ ក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំស្រុកទឹកឈូ ។នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមជាវ តាយអភិបាលកំពត បានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធមកជួបប្រជុំដោះស្រាយក្រៅប្រព័ន្ធតុលាការ តាមគោលការណ៍ឈ្នះឈ្នះ ផ្ដល់ជូនភាគីទំនាស់។

ក្រោយពីការបំភ្លឺពីជំនាញ  អាជ្ញាធរពាក់ព័ន្ធ និងភាគីទំនាស់ទាំងសង្ខាងបានឲ្យដឹងថា  ទំនាស់ដីធ្លីនេះ គឺមានទីតាំងស្ថិតនៅលើដីចំណីផ្លូវ តាមបណ្ដោយផ្លូវ អតីតផ្លូវរថភ្លើងចាស់  ក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ដែលផ្លូវនេះបំបែកចេញពីស្ថានីយរថភ្លើងខេត្តកំពតឆ្ពោះទៅកាន់រោងចក្រស៊ីម៉ង់ត៍ចក្រីទីង។ បច្ចុប្បន្នផ្លូវរថភ្លើងក្នុងមូលដ្ឋាននេះ ត្រូវបានប្រែក្លាយជាផ្លូវលំធម្មតា ជាដីសម្បត្តិសាធារណៈរបស់រដ្ឋ  ប៉ុន្តែប្រជាពលរដ្ឋជាច្រើនគ្រួសារបានមកធ្វើស្រែ ខ្លះធ្វើរបងសាងសង់ផ្ទះ ខ្លះយកដីនោះទៅលក់ឲ្យអ្នកកាន់កាប់បន្តជាដើម  ទើបបណ្តាលឲ្យមានវិវាទដណ្តើមដីគ្នាកើតឡើង រវាងអ្នកអាស្រ័យផលលើដីចំណីផ្លូវ និងអ្នកដែលមានដីនៅពីខាងក្រោយ ដោយភាគីទាំងសង្ខាងអះអាងថារំលោភលើសិទ្ធកាន់កាប់របស់ពួកគេរៀងៗខ្លួន ។

ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា ដោយកត្តានយោបាយ និងសេដ្ឋកិច្ចកម្ពុជាមានស្ថេរភាព និងមានការអភិវឌ្ឍន៍រីកចម្រើន បច្ចុប្បន្នបញ្ហាទំនាស់ដីធ្លីកើតមានឡើងជាបន្តបន្ទាប់មិនថាតែខេត្តកំពតនោះទេ។ វិវាទផ្ដើមចេញពីភាគីទាំងសង្ខាង មានគំនិតបៀតបៀនគ្នាទៅវិញទៅមក មិនមានការសម្របសម្រួលយោគយល់ ហើយម្យ៉ាងក៏ផ្ដើមចេញពីការបំពាន ព្រោះចង់មានចង់បាន ដោយគ្មានមូលដ្ឋានយល់ដឹងអំពីផ្លូវច្បាប់ ហើយប្រើលុយ ប្រើអំណាចរបស់ខ្លួនដើម្បីរំលោភបំពានជាដើម។

អភិបាលខេត្តបានបញ្ជាក់ថា ដីសាធារណៈរបស់រដ្ឋ ដីរបស់រដ្ឋ គឺគ្មានបុគ្គលណាម្នាក់អាចរំលោភបំពានបានឡើយ ។ ដោយឡែកការសម្របសម្រួលនៅពេលនេះភាគីទាំងសង្ខាង ត្រូវតែមានឆន្ទៈសម្របសម្រួល ហើយឯកឧត្តមស្នើឲ្យគ្រប់ភាគីទាំងអស់សូមប្រកាន់យកជំហរទន់ភ្លន់ឈរលើលក្ខណៈច្បាប់ប្រកបដោយគុណធម៌ សច្ចធម៌ ទើបសង្គមជាតិយើងអាចទប់ស្កាត់និងការកាត់បន្ថយបាននូវការទំនាស់វិវាទបញ្ហាដីធ្លីកើតឡើង ពិសេសក្នុងពេលនេះត្រូវតែ ពិចារណាឡើងវិញចំពោះការសម្របសម្រួលរបស់រដ្ឋបាលខេត្ត ដើម្បីឈានដល់ការធ្វើកិច្ចសន្យាបញ្ចប់វិវាទនៅក្នុងកិច្ចប្រជុំលើកក្រោយទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner