កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានធ្វើការសាកល្បងបាញ់មីស៊ីលផ្លោង (Ballistic Missile) រៀងៗខ្លួន កាលពីថ្ងៃទី១៥ កញ្ញា
កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានធ្វើការសាកល្បងបាញ់មីស៊ីលផ្លោង (Ballistic Missile) រៀងៗខ្លួន កាលពីថ្ងៃទី១៥ កញ្ញា ដែលជាព្រឹត្តិការណ៍ប្រកួតប្រជែងគ្រឿងសព្វាវុធចុងក្រោយបំផុតរវាងប្រទេសទាំងពីរ ខណៈការចរចាដើម្បីកាត់បន្ថយភាពតានតឹងនៅជាប់គាំង។
កូរ៉េខាងជើង បានធ្វើការអភិវឌ្ឍប្រព័ន្ធអាវុធជាបន្តបន្ទាប់ ខណៈពេលមានការជាប់គាំងក្នុងការចរចាដើម្បីរុះរើក្បាលគ្រាប់នុយក្លេអ៊ែរ និងមីស៊ីលដែលចាប់ផ្ដើមដោយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងឆ្នាំ២០១៨។
កូរ៉េខាងត្បូង ក៏បានចំណាយយ៉ាងធំទៅលើប្រព័ន្ធអាវុធថ្មី ដែលរួមមានមីស៊ីលផ្លោង នាវាមុជទឹក និងនាវាដឹកយន្តហោះដំបូង។
ទាក់ទិននឹងការបាញ់មីស៊ីលសាកល្បងនេះ អាមេរិកបានថ្កោលទោសកូរ៉េខាងជើង ព្រោះបានរំលោភលើសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានបង្កការគំរាមកំហែងដល់ប្រទេសជិតខាង ប៉ុន្តែពុំបាននិយាយអ្វីទាក់ទងនឹងការសាកល្បងមីស៊ីលរបស់កូរ៉េខាងត្បូងឡើយ។

ប្រភព៖ CNA