ជិះម៉ូតូចេញពីរធ្វើការលឿនពេក អកុសលដួលបោកក្បាលនឹងរបាំងថ្មទ្រូងផ្លូវបែកក្បាលស្លាប់មួយរំពេច
ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈជិះម៉ូតូ pcx មួយគ្រឿងចេញពីធ្វើការបំណងត្រឡប់ទៅផ្ទះវិញដួលបោកក្បាលនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ចំណែកម៉ូតូអូសទៅមុខជិត ១០០ម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ១០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ នៅចំណុចមុខមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែន សុខរាជ ធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ខៀវ បូរ៉ាវីន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកនៅព្រលានយន្តហោះពោចិនតុង ស្នាក់ផ្ទះលេខ៣០ ផ្លូវ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ pcx មួយគ្រឿងពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1HT-1265 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានដួលបោកក្បាលជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯម៉ូតូអូសទៅមុខជិត១០០ម៉ែត្រ។
មួយសន្ទុះក្រោយមក ស្រាប់តែមានសាច់ញាតិជនរងគ្រោះចុះមកដល់ រួមដោយមកសម្លែងស្រែកទ្រហោយំទួញសោកស្ដាយជនរងគ្រោះយ៉ាងខ្លាំងពន់ពេក ។ រីឯសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងជំនាញចុះមកធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូរងគ្រោះ សមត្ថកិច្ចបានដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំប្រគល់ឲ្យសាច់ញាតិនៅពេលក្រោយ ៕ធ.ដ