គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប ប្រើវិធានការក្តៅចំពោះអ្នកមិនគោរពច្បាប់ក្នុងពេលដែលរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ភូមិសាស្ត្រសង្កាត់មួយចំនួន កំណត់ជាតំបន់ក្រហម
ដើមី្បអនុវត្តនូវសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការកំណត់ ជាតំបន់ក្រហម នៅភូមិសាស្ត្រ សង្កាត់ស្លក្រាម ,សង្កាត់ស្វាយដង្គំ , សង្កាត់គោកចក , សង្កាត់ជ្រាវ និងភូមិតាវៀន ,សង្កាត់សាលាកំរើក ,ភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ ដើមី្បទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវិដ១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប បានអនុវត្តវិធានការក្តៅ ចំពោះបងប្អូនដែលមិនគោរពនូវបម្រាម ដែលរដ្ឋបាលខេត្ត បានសម្រេចកំណត់ជា “តំបន់ក្រហម” ហើយត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅដ្ឋាន ទីសំណាក់របស់ខ្លួន រួមទាំងការមិន អនុញ្ញាតឲ្យធ្វើសកម្មភាពផ្សេងៗ ចេញក្រៅពីលំនៅដ្ឋានរបស់ខ្លួនឡើយ ។ ចំពោះករណីដែលបងប្អូនបំពានវិធានការ ការហាមឃាត់ ក្នុងពេលដែលកំពុងបិទខ្ទប់ជាបណ្តោះអាសន្ត រយៈពេលមួយសប្តាហ៍នេះ គិតចាប់ពីវេលាម៉ោង១៣ រសៀល នាថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការ គ្រប់គ្រងការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រហូតមានការចេញសេចក្តីសម្រេចជាថ្មី ។ ចំពោះបងប្អូនមិនគោរពវិធាន ការនេះ កម្លាំងសមត្ថកិច្ចនៅគ្រប់គោលដៅ និង ធ្វើការឃាត់ទុកជាបណ្តោះអាសន្ន នូវមធ្យោបាយទាំងឡាយ ដោយ អនុលោមតាមបទប្បញ្ញត្តិ និង នីតិវិធីជាធរមាន ។ ចំពោះការចេញចូលនៅតបន់ក្រហម និងលឿងទុំ គឺត្រូវបានអនុញ្ញាត ក្នុងករណីចាំបាត់ ។
ក្នុងសកម្មភាពការបិទខ្ទប់ នៅថ្ងៃទី ១៨ ខែកញ្ញា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប បានធ្វើការឃាត់ទុកនូវមធ្យោបាយធ្វើដំណើរ ជាច្រើនគ្រឿង ដែលល្មើសទៅនឹងបម្រាម យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសៀមរាបមួយរយៈផងដែរ ។
រដ្ឋបាលខេត្ត មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពរីករាលដាលនៃជម្ងឺកូវីដ-១៩ ការដាក់ជាតំបន់ក្រហម នៅក្នុងក្រុងសៀមរាបនេះ ដោយមូលហេតុថា បងប្អូនប្រជាពលរដ្ឋមួយចំនួនមិនបានសហការ មិនអនុវត្តតាមការ ណែនាំ មិនចេះការពារខ្លួន និង ក្រុមគ្រួសាររសប់ខ្លួន ដែលជាហេតុនាំមេរោគចម្លងបន្តទៅដល់អ្នកដទៃក្នុងសហគម ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមអនុវត្តតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង ការ ណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូច រដ្ឋបាលខេត្ត ដែលបានដាក់ចេញនាពេលកន្លងមក ៕ម៉ី សុខារិទ្ធ




