បច្ចុប្បន្នកម្ពុជាបាន និងកំពុងបន្តទទួលរងនូវឥទ្ធិពល នៃជ្រលងសម្ពាធទាប ឥណ្ឌា និងខ្យល់មូសុងនិរតី ខ្សោយ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ធ្វើការ​ពិនិត្យ និង​តាមដាន​ជា​ប្រចាំ​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ៖ បច្ចុប្បន្ន​កម្ពុជា​បាន និង​កំពុង​បន្ត​ទទួល​រង​នូវ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប ឥណ្ឌា និង​ខ្យល់មូសុង​និរតី​ខ្សោយ​ដែល​ធ្វើ​ឲ្យ​ភ្លៀង​នៅ​តែ​បន្ត​មាន​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។

ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ អាកាសធាតុ​មានការ​ប្រែប្រួល​ខ្លាំង​ដោយ​ប្រព័ន្ធ​សម្ពាធ​ទាប​ចាប់​កើត​សារ​ជា​ថ្មី ភ្ជាប់​ជាមួយនឹង​សម្ពាធ​ទាប​សកម្ម​ដែល​បច្ចុប្បន្ន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង នឹង​អូស​កាត់​បញ្ឆិត​ព្រះរាជាណាចក្រ​កម្ពុជា​ផ្នែក​ខាងជើង ដែល​អាច​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ។

​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ នឹង​អាច​មាន​វិ​សម្ពាធ​មួយ​កើតឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង នឹង​អាច​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ជា​កូន​ព្យុះ​ទី​១៥ នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ប្រទេស​វៀតណាម​ដែល​នឹង​អាច​មាន​ឥទ្ធិពល​គួរ​ឲ្យ​កត់សំគាល់​នៅ​តំបន់​ភាគ​ឦសាន​របស់​កម្ពុជា ។

យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន នឹង​សូម​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner