នារីជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប ខ្វះការប្រុងប្រយ័ត្ន បុកបុរសម្នាក់ បណ្តាលឱ្យស្លាប់ភ្លាមៗ រួចជ្រុលទៅបុករះរថយន្ត៤គ្រឿង
ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ បណ្ដាលមកពីស្រ្តីជនជាតិចិនម្នាក់ បើកបររថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកបុរសម្នាក់ កំពុងដើរតាមផ្លូវ រួចបន្តទៅបុករះរថយន្តចតនៅចិញ្ជើមផ្លូវចំនួន៤គ្រឿងបន្ថែមទៀត ទើបរថយន្តទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៥៥នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្បែរក្រសួងអភិវឌ្ឍន៍ជនបទថ្មី ស្ថិតនៅតាមបណ្ដោយមហាវិថី ព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពបុរសជាជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកលតហេតុ គេឃើញមានបុរសម្នាក់ កំពុងតែដើរតាមបណ្ដោយផ្លូវមហាវិថីព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះ ក៏ស្រាប់តែមានស្រ្តីវ័យក្មេងម្នាក់ បើកបររថយន្តស៊េរីទំនើប ម៉ាក Rangrover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-2013 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស ស្របទិសគ្នាជាមួយអ្នកដើរ ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បុកអ្នកដើរពីក្រោយយ៉ាងពេញទំហឹង រួចរថយន្តរ៉េចង្កូតទៅបុករះរថយន្តចតនៅចិញ្ជើមផ្លូវចំនួន៤គ្រឿង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះ រថយន្តបង្កថយក្រោយបម្រុងបើករត់គេច មកកិនបុរសរងគ្រោះបន្ថែមទៀត ទើបបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងហេតុតែម្ដង។
សូមបញ្ជាក់ផងដែរថា ក្រោយពេលកើតហេតុភ្លាមៗនគរបាលចរាចរណ៍នៅប្រចាំការគោលដៅក្បែរទីតាំងកើតហេតុ បានឃាត់ខ្លួនស្រ្តីជនជាតិចិនអ្នកបើកបរនោះប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលបឹងត្របែក ដើម្បីសួរនាំ។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក រួមទាំងរថយន្តរងគ្រោះចំនួន៤គ្រឿង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។ ចំណែកឯ សពត្រូវនគរបាលប្រគល់រថយន្តសាម៊ុយដឹកទៅតម្កល់រងចាំសាច់ញ្ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ឆៃហួត និងប៊ុនធី