បារាំងកោះហៅឯកអគ្គរដ្ឋទូតខ្លួនពីអាមេរិកនិងអូស្ត្រាលី ឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ AUKUS
បារាំងកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំសហរដ្ឋអាមេរិក និងអូស្ត្រាលី ជាការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីររួមជាមួយចក្រភពអង់គ្លេស ហើយបារាំងចាត់ទុកថាជាការចាក់ពីក្រោយខ្នងមួយ។
រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា៖ «តាមការស្នើសុំរបស់លោកប្រធានាធិបតី Macron ខ្ញុំបានសម្រេចចិត្តហៅឯកអគ្គរដ្ឋទូតរបស់យើងប្រចាំសហរដ្ឋអាមេរិក និងអូស្ត្រាលី មកកាន់ទីក្រុងប៉ារីសវិញដើម្បីសុំការពិគ្រោះយោបល់»។
សេចក្តីថ្លែងការណ៍ដដែលនិយាយថា៖ «ការបោះបង់ចោលគម្រោងនាវាមុជទឹកដែលអូស្ត្រាលី និងបារាំង ព្រមព្រៀងគ្នាតាំងពីឆ្នាំ ២០១៦ និងការប្រកាសភាពជាដៃគូថ្មីជាមួយសហរដ្ឋអាមេរិកក្នុងគោលបំណងសិក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលអនាគតលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ គឺជាអាកប្បកិរិយាមិនអាចទទួលយកបានក្នុងចំណោមសម្ព័ន្ធមិត្ត ប៉ះពាល់ដល់គំនិតដែលយើងមានជាសម្ព័ន្ធភាព ភាពជាដៃគូរបស់យើង និងសារៈសំខាន់នៃឥណ្ឌូ-ប៉ាស៊ីហ្វិកសម្រាប់អឺរ៉ុប»។
ប្រទេសបារាំងសម្តែងការខឹងសម្បារបន្ទាប់ពី អូស្ត្រាលី ចេញសេចក្តីប្រកាសមួយជាមួយចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនៅសប្តាហ៍នេះស្តីពីកិច្ចព្រមព្រៀងផ្តល់នាវាមុជទឹកនុយក្លេអ៊ែរដល់អូស្ត្រាលីដែលមានឈ្មោះថា AUKUS ដោយហែកចោលកិច្ចព្រមព្រៀងបញ្ជូននាវាមុជទឹកដែលផលិតដោយបារាំងទៅប្រទេសរបស់ខ្លួន។
លោក Le Drian និយាយកាលពីថ្ងៃព្រហស្បត្តិ៍ថា៖ «វាពិតជាការចាក់ពីក្រោយខ្នង។ យើងបង្កើតទំនាក់ទំនងនៃការជឿទុកចិត្តជាមួយអូស្ត្រាលីហើយការជឿទុកចិត្តនេះត្រូវបានគេក្បត់។ រឿងបែបនេះមិនកើតមានទេរវាងសម្ព័ន្ធមិត្ត»។
ជាការឆ្លើយតបមួយ ការិយាល័យរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អូស្រ្តាលីយល់ពីការខកចិត្តយ៉ាងខ្លាំងរបស់បារាំងចំពោះការសម្រេចចិត្តរបស់យើងដែលត្រូវធ្វើឡើងស្របតាមផលប្រយោជន៍ទំនាក់ទំនងសន្តិសុខជាតិដែលច្បាស់លាស់របស់យើង។ អូស្ត្រាលីឱ្យតម្លៃចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយបារាំង ហើយនឹងទន្ទឹងរង់ចាំការចូលរួមនាពេលអនាគតជាមួយគ្នា»។
ចំណែកឯអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price និយាយថា អាមេរិកក៏សង្កត់ធ្ងន់លើគុណតម្លៃនៃទំនាក់ទំនងរបស់ខ្លួនជាមួយបារាំង ហើយសង្ឃឹមថាកិច្ចពិភាក្សារវាងភាគីទាំងពីរនឹងបន្តនៅប៉ុន្មានថ្ងៃខាងមុខ រួមទាំងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ។
សូមបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀង AUKUS អូស្រ្តាលីនឹងអាចសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាលើកដំបូងដោយប្រើប្រាស់បច្ចេកវិទ្យាពីសហរដ្ឋអាមេរិក និងអង់គ្លេស។ វាត្រូវបានគេមើលឃើញថា ភាពជាដៃគូថ្មីនេះគឺជាការប៉ុនប៉ងដើម្បីប្រឆាំងនឹងការក្លៀវក្លារបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់។ កិច្ចព្រមព្រៀងនេះមានគម្រោងសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកការទូត សន្តិសុខ និងការពារជាតិកាន់តែស៊ីជម្រៅរវាងរដ្ឋធានីទាំងបី ជាមួយនឹងការពង្រឹងសមត្ថភាព និងអន្តរប្រតិបត្តិការអ៊ិនធើណិត បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា Quantum ជាដើម។

ប្រភព៖ Fox News