បារាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំអាមេរិក និងអូស្ត្រាលី ត្រលប់មកវិញ ជាការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀង AUKUS
បារាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំអាមេរិក និងអូស្ត្រាលី ត្រលប់មកវិញ ជាការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀង AUKUS ដែលត្រូវបានចុះហត្ថលេខាដោយអាមេរិក អូស្ដ្រាលី និងអង់គ្លេស ដែលបារាំងចាត់ទុកថាជាការក្បត់ដោយលបចាក់ពីក្រោយខ្នង។
រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian បានថ្លែងថា៖ “ការបោះបង់ចោលគម្រោងនាវាមុជទឹកដែលអូស្ត្រាលី និងបារាំង ព្រមព្រៀងគ្នាតាំងពីឆ្នាំ២០១៦ និងការប្រកាសភាពជាដៃគូថ្មី គឺជាអាកប្បកិរិយាមិនអាចទទួលយកបានក្នុងចំណោមសម្ព័ន្ធមិត្ត ព្រមទាំងប៉ះពាល់ដល់សម្ព័ន្ធភាព និងភាពជាដៃគូ ក៏ដូចជាសារៈសំខាន់នៃឥណ្ឌូ-ប៉ាស៊ីហ្វិកចំពោះអឺរ៉ុប។ នេះជាការចាក់ពីក្រោយខ្នង ហើយរឿងបែបនេះមិនគួរកើតមានរវាងសម្ព័ន្ធមិត្តឡើយ។”
ក្រោមកិច្ចព្រមព្រៀង AUKUS អូស្រ្តាលីនឹងអាចសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាលើកដំបូងដោយប្រើប្រាស់បច្ចេកវិទ្យាពីអាមេរិក និងអង់គ្លេស។
ក្រុមអ្នកវិភាគយល់ឃើញថា ភាពជាដៃគូថ្មីនេះ គឺជាការប៉ុនប៉ងដើម្បីប្រឆាំងនឹងអំណាចចិននៅក្នុងតំបន់។ កិច្ចព្រមព្រៀងនេះមានគម្រោងសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកការទូត សន្តិសុខ និងការការពារជាតិកាន់តែស៊ីជម្រៅរវាងប្រទេសទាំងបី។

ប្រភព៖ Fox News