សាលាបឋមសិក្សា ហ៊ុន សែន ក្រុង នៅខេត្តព្រះសីហនុ បានចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានល្អប្រសើរ
ក្រសួងបរិស្ថាន បានសម្រេចប្រគល់បណ្ណសរសើរមេត្រីបរិស្ថាន ដល់សាលាបឋមសិក្សា ហ៊ុន សែន ក្រុងនៅខេត្តព្រះសីហនុ ដែលបានចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានល្អប្រសើរនាពេលកន្លងមក។
ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានលើកឡើងនៅក្នុងពិធីប្រគល់បណ្ណសរសើរមេត្រីបរិស្ថានថា នេះ ជាការលើកទឹកចិត្តដល់សាលារៀនដែលបានចូលរួមរៀបចំសកម្មភាពចំពោះអនាម័យ និងបរិស្ថាន។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា កន្លងមកសាលាបានចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវ:ចម្រុះ និងការរស់នៅដោយចីរភាព។
ជាមួយគ្នានេះ ឯកឧត្តម ជួប ប៉ារីស៍ បានចាត់ទុកថាសាលារៀន ជាកន្លែងប្រមូលផ្តុំក្នុងការបញ្រ្ជាបចំណេះដឹងលើការគ្រប់គ្រងបរិស្ថាន ចំណោមកុមារ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមជាមួយសហគមន៍មូលដ្ឋាន ដើម្បីផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបថពួកគេចំពោះអនាម័យ និងបរិស្ថាន។
សូមបញ្ជាក់ថា ក្នុងថ្ងៃដដែល ឯកឧត្តម ជួប ប៉ារីស៍ បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ប្រគល់បណ្ណសរសើរមេត្រីបរិស្ថាន ជូនវិទ្យាល័យក្រុង ព្រះសីហនុ ដែលបានរៀបចំឱ្យមានការបញ្ជ្រាបការអប់រំនិងសកម្មភាពថែរក្សាបរិស្ថានផងដែរ។ ដោយ / គ្រី សម្បត្តិ