លោកហ៊ុន ម៉ាណែត នាំអំណោយចែកជូនប្រជាពលរដ្ឋ និងសិស្សជាង៧០០នាក់នៅខេត្តតាកែវ
អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃសទី២៦មករា បានជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារជួបការលំបាក ជនពិការ និងសិស្សានុសិស្សខ្វះខាត ស្ថិតក្នុងវិទ្យាល័យសំរោងពន្លៃ ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។ អំណោយដែលបានប្រគល់ជូនចំនួន៦០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម មី១កេស ប្រេងឆា ស្ករស អំបិល ប៊ីចេង ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ សារ៉ុង ថ្នាំពេទ្យ និង ថវិកា២ម៉ឺនរៀល។
ចំណែកជនពិការចំនួន ១០នាក់ ដោយក្នុងម្នាក់ៗទទួលបាន រទេះជនពិការចំនួន ១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ រីឯសិស្សានុសិស្សចំនួន ១៨០នាក់ ដោយក្នុងម្នាក់ៗទទួលបានកង់ ១គ្រឿង និងសម្ភារៈសិក្សា១សម្រាប់ផងដែរ។ ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាព សុខសប្បាយ និងលទ្ធភាពដែលធ្វើឲ្យជីវភាពរស់នៅល្អប្រសើរ កំពុងផ្តល់ឱកាសឱ្យ ប្រជាពលរដ្ឋនៅតាមគ្រួសារនីមួយៗ នៅទូទាំងប្រទេស បានជួបជុំកំសាន្តសប្បាយរីករាយ និងចែករំលែកការសប្បាយ ក្នុងឱកាសបុណ្យទានតូចធំផ្សេងៗ។
លោកហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះសមាគមបេះដូងបងស្រី (Sisters’ Heart) មកពីសហរដ្ឋអាមេរិក, សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧, សមាគម OCC, ក្រុមមិត្តរួមចិត្តអតីតសិស្សខេត្តបាត់ដំបង និងប្រជាពលរដ្ឋសប្បុរសជន ដែលរស់នៅសហរដ្ឋអាមេរិក, អូស្ត្រាលី, បារាំង, កាណាដា និងអង់គ្លេស ដែលបានរួបរួមគ្នាធ្វើសកម្មភាពសប្បុរសធម៌ ជាការរួមចិត្តតែមួយ រួមសកម្មភាពតែមួយ ដោយមានការចូលរួមរបស់ខ្មែរមកពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដើម្បីជួយចែករំលែកដល់ប្រជាពលរដ្ឋ ទោះតិចក្តី ច្រើនក្តី ប៉ុន្តែអាចបញ្ជាក់បានអំពីស្មារតីរួមរបស់ខ្មែរ ក្នុងការជួយប្រទេសជាតិ ជួយប្រជាពលរដ្ឋ តាមរយៈកម្លាំងកាយចិត្ត និងធនធានថវិកាដែលមាន។
លោកហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ សន្តិភាព ដែលមាននៅគ្រប់ទីកន្លែងទូទាំងប្រទេស និងដែលជារបស់យើងទាំងអស់គ្នា។ លោកថា សន្តិភាព ធ្វើឱ្យមានថ្ងៃនេះ និងបង្កើតក្តីសង្ឃឹមក្នុងជីវភាពបន្តទៅមុខ រួមទាំងឱកាសក្នុងការចូលរួមចែករំលែកជួយគ្នាដូចពេលនេះ ហើយក៏ជាសន្តិភាពសម្រាប់កូនចៅ ដែលកំពុងមានជីវិតរស់នៅ ក្នុងការរីករាយទទួលផលពីផ្លែផ្កានៃសន្តិភាព។ វិញ្ញាណក្ខន្ធរបស់ជីដូនជីតាបុព្វការីជន ប្រាកដជាសប្បាយចិត្ត ប្រសិនបើបានដឹងថា កូនចៅរបស់អស់លោកកំពុងរស់នៅដោយសុខសប្បាយ មានសុភមង្គល។
ដោយខុសពីកាលជំនាន់៤០ ឆ្នាំមុន ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់ច្រើនណាស់ ហើយសព្វថ្ងៃកូនខ្មែរធ្វើដំណើរចេញចូលក្នុងនិងក្រៅប្រទេស ក្នុងនាមជាអ្នកទេសចរណ៍ ជាអ្នកជំនួញ ជានិស្សិត ដោយស្មើមុខស្មើមាត់ ដូចគ្នានឹងគ្រប់ប្រជាជាតិទាំងអស់លើសាកលលោក និងមិនមែនចេញជាជនភៀសខ្លួន ដូចក្នុងសម័យសង្រ្គាមទៀតនោះឡើយ។ ទាំងនេះ កើតឡើងក៏ដោយសារការជ្រើសរើសអ្នកដឹកនាំបានត្រឹមត្រូវ ដែលបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ៕ធ.ដ