ប្រធាន CAMSOC កោតសសើរដល់គណៈកម្មការ មានគម្រោងផែនការច្បាស់លាស់ ក្នុងកម្មពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអទិទេព រត់ភ្លើងគប់

សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការទទួលខុសត្រូវរៀបចំពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអទិទេពរត់ភ្លើងគប់ថា មានគម្រោងផែនការច្បាស់លាស់ ដែលអាចជម្រុញឲ្យការងារសម្រេចបានជោគជ័យតាមការគ្រោងទុកនៅពេលខាងមុខ ។

សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំគណៈអចិន្រ្ទៃយ៍ CAMSOC តាមប្រព័ន្ធហ្សូម ដោយមានការចូលរួមពីសំណាក់ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្ទៃយ៍ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ។


ថ្លែងបញ្ជាក់ក្រោយកិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានគូបញ្ជាក់ថា ក្រោយពីសម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃពីគម្រោងផែនការដែលរៀបចំ ដើម្បីសម្រេចទៅតាមការគ្រោងទុកនោះ គណៈកម្មាការគ្រប់ផ្នែកទទួលខុសត្រូវទាំងអស់ បានទទួលយកប្រសាសន៍ណែនាំសម្តេច ទៅអនុវត្តតាមសកម្មភាពទស្សនីយភាពផ្នែកមួយៗ ដើម្បីសិក្សាថា តើកម្មវីធីនីមួយៗ មានកង្វះខាតធនធានមនុស្ស ឬសម្ភារៈអ្វីខ្លះ មានគម្រោងថវិកាចំណាយទំហំប៉ុន្មាន ដាក់ជូនលេខាធិដ្ឋាន CAMSOC ដើម្បីអនុម័តជូន ។


ឯកឧត្តម អគ្គលេខាធិការ បានបន្ថែមទៀតថា យោងតាមអនុសាសន៍ណែនាំសម្តេចប្រធាន ពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអទិទេពរត់ភ្លើងគប់ទាំងអស់ នឹងចងក្រងបណ្តុំជាសៀវភៅមួយក្បាលបោះពុម្ពចែកគណៈកម្មការគ្រប់ផ្នែក ដើម្បីយកមកមើល និងអនុវត្តន៍ ។


សូមបញ្ជាក់ថា ពិធីរត់ភ្លើងគប់ គឺត្រូវសុំភ្លើងអទិទេព នៅទឹកដីអង្គរវត្ត ខេត្តសៀមរាប ក្រោមព្រះរាជធិបតីដ៍ខ្ពង់ខ្ពស់បំផុតព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា និងដង្ហែភ្លើងគប់ទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួចត្រឡប់កមជុំវិញបឹងទន្លេសាប ដែលគ្រោងនឹងចាប់ផ្តើមពីខែមិនា ដល់ ខែឧសភា ឆ្នាំ២០២៣ ៕ (រូបភាព CAMSOC )

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner