បុរសម្នាក់ បើករថយន្ត Prius មួយគ្រឿង បុករះចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ បានបើកបររថយន្តម៉ាក Toyota Prius យ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតឡើងចិញ្ចើមផ្លូវជ្រុលទៅបុកសសរសំយ៉ាបផ្ទះប្រជាពលរដ្ឋ បាក់អស់មួយដើម និងធ្លាក់សំយ៉ាប រួចបន្តបុកទម្លុះជញ្ជាំងផ្ទះលក់ចាប់ហ៊ួយបន្ថែមទៀត បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អេីកកាលពីវេលាម៉ោង៦ និង៤០ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នពេញ។

សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបរមានឈ្មោះ មាស សុខសាន្ត ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ ចំណែកឯ ជនរងគ្រោះមានឈ្មោះ ខាន់ រដ្ឋា អាយុ ៥៧ ឆ្នាំ មុខរបរលក់ដីរ ស្នាក់នៅភូមិកេីតហេតុខាងលេី។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុខពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI-1802 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុ សង្ស័យថាងងុយដេក ងោកមួយភាំង ក៏រេចង្កូតបួងទៅស្ដាំដៃឡើងចិញ្ចើមផ្លូវជ្រុលទៅបុកសសរបេតុសំយ៉ាបផ្ទះបាក់មួយដើម រួចបន្តបុកទម្លុះជញ្ជាំងផ្ទះលក់ចាប់ហ៊ួយ បណ្ដាលឱ្យបុរសម្នាក់កំពុងឈរបើកទ្វា ដើម្បីលក់ដូររងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ ចំណែកឯ រថយន្តខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង រីឯអ្នកបើកបរបន្ទាប់ពីបង្កហេតុរួចបើកទ្វាចុះរត់គេចខ្លួន តែត្រូវបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួនបានប្រគល់ឱ្យសមត្ថកិច្ច។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះត្រួតពិនិត្យទីតាំងកន្លែងកើតហេតុ រួចបានធ្វើការវាស់វែងយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner