អ្នកជំនាញ៖ ម៉ាឡេស៊ី ថៃ និងវៀតណាម ចាប់ផ្ដើមងាកចេញពីគោលការណ៍គ្មានកូវីដបន្តិចម្ដងៗហើយ
បន្ទាប់ពីការជាប់គាំងអស់ជាច្រើនខែមក ផ្នែកខ្លះនៃប្រទេសនៅអាស៊ីអាគ្នេយ៍ ចាប់ផ្ដើមចាកចេញពីគោលនយោបាយ គ្មានកូវីដ (Zero Covid) ដោយរៀបចំត្រៀមខ្លួនរៀនរស់នៅជាមួយមេរោគ បើទោះបីជា អ្នកជំនាញព្រមានថា ការអនុវត្តបែបនេះហាក់ដូចជាលឿនពេកក្ដី។ នេះបើយោតាមសារព័ត៌មាន CNN។
បច្ចុប្បន្ន រដ្ឋាភិបាលនានានៅ ឥណ្ឌូនេស៊ី ថៃ និងវៀតណាម កំពុងសម្លឹងរកការស្តារសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ ជាពិសេស ឧស្សាហកម្មទេសចរណ៍ ដោយបើកព្រំដែន និងកន្លែងសាធារណៈឡើងវិញ។ ប៉ុន្តែ អ្នកជំនាញព្រួយបារម្ភថា អត្រាចាក់វ៉ាក់សាំងក្នុងតំបន់ភាគច្រើននៃប្រទេសទាំងនេះនៅទាបនៅឡើយ ខណៈប្រសិទ្ធភាពវ៉ាក់សាំងចិននៅទាបនៅឡើយ។
លោក Yanzhong Huang អ្នកជំនាញជាន់ខ្ពស់ផ្នែកសុខភាពពិភពលោកនៅក្រុមប្រឹក្សាទំនាក់ទំនងបរទេស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា ប្រសិនបើអត្រានៃការចាក់វ៉ាក់សាំងមិនទាន់ខ្ពស់គ្រប់គ្រាន់ បូកផ្សំជាមួយនឹងវ៉ាក់សាំង ដែលមានប្រសិទ្ធភាពទាបនៅឡើយ ហើយរដ្ឋាភិបាលប្រញាប់លុបចោលការរឹតបន្តឹងនោះប្រព័ន្ធសុខាភិបាលនៅអាស៊ីអាគ្នេយ៍ អាចនឹងពិបាកគ្រប់គ្រងស្ថានភាព។
លោកបានមានប្រសាសន៍ថា៖ «យើងនឹងឃើញមាន ករណីធ្ងន់ធ្ងរបែបនេះ បន្ទាប់មកវានឹងធ្វើឱ្យអ្នកជំងឺច្រើនកកកុញលើផ្នែក ICU គ្រែមន្ទីពេទ្យ ម៉ាស៊ីនអុកស៊ីសែន និងបញ្ហាប្រឈមទាក់ទិននឹងកង្វះខាតឧបករណ៍ផ្សេងទៀត»។
តែទោះយ៉ាងណាក្ដី ចាប់ពីខែ មិថុនា ដល់ខែ សីហា គេឃើញបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន បានដាក់ចេញនូវការរឹតបន្តឹងយ៉ាងតឹងរ៉ឹង ដើម្បីគ្រប់គ្រងរលកកូវីដ។
ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានដាក់វិធានបិទខ្ទប់ទូទាំងប្រទេស ខណៈ ប្រទេសថៃ និងវៀតណាម បានបិទខ្ទប់តំបន់ ដែលមានហានិភ័យខ្ពស់ប៉ុណ្ណោះ។ ក្រោមការរឹតត្បិតទាំងនេះ មនុស្សរាប់លាននាក់ ត្រូវបានគេបញ្ជាឱ្យស្នាក់នៅផ្ទះ តាមតែអាចធ្វើទៅបាន និងហាមឃាត់មិនឱ្យធ្វើដំណើរក្នុងស្រុកទៀតផង។ សាលារៀន ការដឹកជញ្ជូនសាធារណៈ ត្រូវបានផ្អាកដូចគ្នា ហើយការជួបជុំត្រូវបានហាមឃាត់ផងដែរ។
យោងតាមសារព័ត៌មាន Reuter ប្រទេសវៀតណាមគ្រោងនឹងបើកដំណើរការរមណីយដ្ឋានកោះភូកុកជាថ្មីម្តងទៀតសម្រាប់ភ្ញៀវទេសចរបរទេស ដែលនឹងចាប់ផ្តើមនៅខែក្រោយនេះ។ អាជ្ញាធរប្រទេសនេះ បានលើកឡើងពីសម្ពាធសេដ្ឋកិច្ច ចំពោះការសម្រេចចិត្តនេះ ដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននិយាយថា ជំងឺរាតត្បាត បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មទេសចរណ៍។ រហូតមកដល់ពេលនេះ ប្រជាជនវៀតណាជាង ៧% ទទួលបានវ៉ាក់សាំងពេញលេញ ដែលមានចំនួនតិចយ៉ាងខ្លាំង មិនអាចបង្កើតភាពស៊ាំជាសហគមន៍ ដែលតម្រូវឱ្យមានអ្នកចាក់វ៉ាក់សាំងពេញលេញពី ៧០% ទៅ ៩០%។
ដោយឡែក ប្រទេសថៃ គ្រោងនឹងបើករដ្ឋធានីបាងកករបស់ខ្លួនឡើងវិញ និងទិសដៅសំខាន់ផ្សេងទៀតសម្រាប់ភ្ញៀវទេសចរបរទេសនៅខែ តុលា ខាងមុខនេះ ដោយសង្ឃឹមថានឹងស្តារវិស័យទេសចរណ៍ ឡើងវិញ។ បើយោងតាមអ្នកតាមដានវ៉ាក់សាំងរបស់សារព័ត៌មាន CNN ប្រជាជនថៃប្រហែល ២១% ប៉ុណ្ណោះ ដែលទទួលបានវ៉ាក់សាំងពេញលេញនេះ។
ឯ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនទទួលបានវ៉ាក់សាំងជាង ១៦% ក៏បានចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិតរបស់ខ្លួនផងដែរ ដោយអនុញ្ញាតឱ្យកន្លែងសាធារណៈបើកឡើងវិញ ហើយអនុញ្ញាតឱ្យរោងចក្រវិលត្រឡប់មកដំណើរការវិញ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuter ភ្ញៀវទេសចរបរទេស អនុញ្ញាតឱ្យចូលទៅក្នុងផ្នែកខ្លះនៃប្រទេសនេះ រួមទាំងរមណីយដ្ឋានកោះបាលីនៅត្រឹមខែតុលា ខាងមុខនេះ។
ឯប្រទេសម៉ាឡេស៊ីទៀតសោត ដែលជាប្រទេសមានអត្រាចាក់វ៉ាក់សាំងប្រមាណ ៥៦% ក៏បានបើកកោះឡាំងកាវី ដែលជាចង្កោមកោះចំនួន ៩៩ សម្រាប់ជាទិសដៅឈប់សម្រាកសំខាន់របស់ប្រទេសដល់ភ្ញៀវទេសចរក្នុងស្រុកកាលពីសប្តាហ៍មុន។ រដ្ឋមួយចំនួនក៏បានចាប់ផ្តើមបន្ធូរបន្ថយ ការរឹតបន្តឹង ចំពោះអ្នកដែលទទួលវ៉ាក់សាំង រួមទាំង ការទទួលទានអាហារនៅភោជនីយដ្ឋាន និងការធ្វើដំណើរឆ្លងរដ្ឋផងដែរ។
ហេតុដូចនេះហើយ ទើបអ្នកជំនាញព្រមានថា អត្រាចាក់វ៉ាក់សាំងទាបនៅក្នុងផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍រួមទាំង ហ្វីលីពីន ឥណ្ឌូនេស៊ី និង ថៃ នឹងធ្វើឱ្យការបើកឡើងវិញ មានហានិភ័យច្រើនជាងនៅភាគខាងលិច។
នៅអាស៊ីអាគ្នេយ៍អត្រាវិជ្ជមានក្នុងការធ្វើតេស្ត ក៏នៅតែខ្ពស់គួរឱ្យព្រួយបារម្ភ អង្គការសុខភាពពិភពលោក ណែនាំឱ្យប្រទេសទាំងនេះរក្សាអត្រាវិជ្ជមានកូវីដត្រឹម ៥% ឬ ទាបជាងនេះ ក្នុងរយៈពេល ២ សប្តាហ៍មុនពេលបើកដំណើរការឡើងវិញ ប៉ុន្តែតួលេខវិជ្ជមាននៅប្រទេសអាស៊ីអាគ្នេហ៍ភាគច្រើនមាន ២០% ទៅ ៣០% ។
លោក Abhishek Rimal អ្នកសម្របសម្រួលសុខភាពគ្រាអាសន្នប្រចាំតំបន់នៅសហព័ន្ធកាកបាទក្រហមអន្តរជាតិ បាននិយាយថា៖ «អង្គការសុខភាពពិភពលោក បានដាក់ចេញនូវលក្ខណៈវិនិច្ឆ័យផ្សេងទៀត ឧទាហរណ៍ស្ថាប័នសុខាភិបាលពិភពលោកណែនាំឱ្យរដ្ឋាភិបាលបើកឡើងវិញ ប្រសិនបើ ការឆ្លង ត្រូវបានគ្រប់គ្រងបានល្អ និងក្នុងករណីប្រព័ន្ធសុខាភិបាលរបស់ពួកគេមានលទ្ធភាពគ្រប់គ្រាន់ អាចរកឃើញធ្វើតេស្តដាច់ដោយឡែកពីគេ និងព្យាបាលបានទាន់ពេលវេលា»។
ប៉ុន្តែ ប្រទេស ដែលបានបើកដំណើរការឡើងវិញខាងលើ មិនបានបំពេញតាមស្តង់ដារទាំងនេះទេ មានន័យថា គេអាចនឹងមើលឃើញករណីកើនឡើងជាងមុនក៏អាចថាបាន។

ប្រភព៖ CNN