គណបក្សប្រជាជនកម្ពុជា ទទួលសមាជិកថ្មីមកពីអតីតគណបក្សសង្គ្រោះជាតិ
ភ្នំពេញៈនៅថ្ងៃទី២៤ ខែកញ្ញា មានពិធីប្រកាស និងសំណេះសំណាលជាមួយសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជានៅសាខាគណបក្សខណ្ឌមានជ័យ។ សមាជិកថ្មីទាំងនេះមកពីអតីតគណបក្សសង្រ្គោះជាតិ។
លោក នួន ផារ័ត្ន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញដែលអញ្ជើញជាអធិបតីក្នុងពិធីនេះ បានមានប្រសាសន៍ថាបងប្អូនដែលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបង្ហាញច្បាស់ថាកម្ពុជាអនុវត្តតាមរបបប្រជាធិប តេយ្យសេរីពហុបក្ស។ គណបក្សប្រជាជនកម្ពុជាមានវប្បធម៌បង្រួបបង្រួមនិងទទួលសមាជិកគណបក្សដទៃមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គ្រប់ពេលវេលាចំពោះអ្នកដែលស្រឡាញ់គណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជាបានកសាងបានដឹកនាំប្រទេសជាតិមានការអភិវឌ្ឍនិងសន្តិភាព មានកំណើនសេដ្ឋកិច្ច រីកចម្រើន កសាងសាងហេដ្ឋារចនាសម្ព័ន្ធនិងទទួលបាននូវសមិទ្ធផលធំៗជាច្រើនចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩មកដល់បច្ចុប្បន្ននេះ ព្រោះគណបក្សប្រជាជន កម្ពុជា មានគោលនយោបាយដឹកនាំប្រទេសជាតិ ច្បាស់ លាស់ និងមានសាមគ្គីភាពផ្ទៃក្នុង។
លោក នួន ផារ័ត្ន បញ្ជាក់ថាមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ គណបក្សប្រជាជនកម្ពុជាបណ្តុះធនធាន មនុស្សនៅក្នុងជួរយុវជន ដើម្បីបន្តវេនដឹកនាំ។
តំណាងសមាជិកថ្មីមកពីអតីតគណបក្សសង្គ្រោះជាតិ បានអរគុណគណបក្សប្រជាជនកម្ពុជាពិសេសសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជាដែលទទួលពួកគេ៕
ដោយៈពលជ័យ



