ក្រុមចោរមួយក្រុមបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពលរដ្ឋបានសម្រេច នៅក្នុងមូលដ្ឋានខណ្ឌដង្កោ
ភ្នំពេញ ៖ នៅវេលាម៉ោង ២ យប់អធ្រាត្រឈានចូលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ មានជនសង្ស័យមួយក្រុមជិះម៉ូតូចំនួន បីគ្រឿងបានធ្វើសកម្មភាពវាយទៅលើបុរសម្នាក់បណ្ដាលឱ្យរងរបួសពេញខ្លួនរួចប្លន់យកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់បានសម្រេច ស្ថិតនៅក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ប្រមាណជា៥០ម៉ែត្រ តាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមិនបានប្រាប់ពីអត្តសញ្ញាណនោះទេ គ្រាន់តែបង្ហើបប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ6559 ដោយរូបគាត់មិនចាំបានក្បាលអក្សនោះទេ បានធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានលេចមុខជនសង្ស័យចំនួន ៦នាក់ជិះម៉ូតូ បី គ្រឿងមិនចាំស្លាកលេខបានធ្វើសកម្មភាពធ្លាក់ម៉ូតូរបស់គាត់បណ្ដាលឲ្យដួលរួចនាំគ្នាដេញវាយគាត់បណ្ដាលឱ្យរងរបួសពេញខ្លួនយ៉ាងដំណំ បន្ទាប់មកជនសង្ស័យបានលើកម៉ូតូរបស់គាត់ជិះគេចខ្លួនបាត់ទៅ។
ភ្លាមៗនោះរូបគាត់ក៏បានរត់ទៅចូលក្នុងប៉ុស្តិ៍នគរបាលដើម្បីឲ្យកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍តែទៅដល់មិនឃើញមានកម្លាំង សមត្ថកិច្ចនោះទេ ព្រមទាំងគោះទ្វាក៏គ្មានអ្នកតប ទើបរូបគាត់បានបន្តដំណើរទៅប្រាប់សមត្ថកិច្ចដែលប្រចាំការ ២៤ម៉ោងនៅបណ្តោយផ្លូវជាតិលេខ៣ បន្ទាប់មកសមត្ថកិច្ចឃើញរូបគាត់រងរបួសពេញខ្លួន បានដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែង។
ក្រោយពីគ្រូពេទ្យលាងរបួស និងរុំបង់រួចហើយជនរងគ្រោះត្រូវបានមិត្តភ័ក្រមកយករួចដឹកតាមម៉ូតូមួយគ្រឿងបន្តដំណើរ ទៅមុខបាត់ដោយមិនទៅដាក់ពាក្យបណ្ដឹងនោះទេ ៕ដោយ៖ ជីម ភារ៉ា