ប្រធានសហព័ន្ធកីឡាហុកគី អះអាងថា យើងអាចជោគជ័យ នៅស៊ីហ្គេម ឆ្នាំ២០២៣ ទាល់តែមានគ្រូបង្វឹកខ្លាំង កីឡាករ កីឡាការិនីខ្លាំង

ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាហុកគីកម្ពុជា បានលើកឡើងក្នុងពិធីបើកវគ្គសិក្សាគ្រូបច្ចេកទេសកម្រិតទី១ កីឡាហុកគី នាព្រឹកថ្ងៃទី២៤ ខែកញ្ញានេះថា ប្រសិនបើចង់ជោគជ័យ នឹងអាចដណ្តើមមេដាយបានជូនកម្ពុជា នៅស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវតាំងចិត្តជម្រុញអភិវឌ្ឍសមត្ថភាពឲ្យខ្លាំង ទាំងគ្រូបង្វឹក និងកីឡាករ កីឡាការិនី បើគ្រូខ្លាំង កីឡាករ កីឡាការិនីខ្សោយនោះ ជោគជ័យក៏មិនអាចសម្រេចបានដែរ ។

ទាល់តែខ្លាំងទាំងគ្រូ និងកីឡាករ កីឡាការិនី មានឆន្ទៈខ្ពស់ ទើបអាចសម្រេចជោគជ័យបានជូនសហព័ន្ធ និងជាតិ ។ ដូច្នោះសូមលោកគ្រូ អ្នកគ្រូទាំងអស់ ធ្វើអ្វីត្រូវតែមានគោលដៅច្បាស់លាស់ និងភាពវិជ្ជមាន បើយើងដាក់ចិត្តដាក់កាយចាប់យកជំនាញហុកគីហើយ ត្រូវចាប់យកឲ្យពិតប្រាកដ ដុះខាត់វាឲ្យមុតស្រួចទើបសម្រេចជោគជ័យបាន ។ ឯកឧត្តម ប្រធានសហព័ន្ធ ក៏បានជម្រុញឲ្យគ្រូបង្វឹកទាំងអស់សហការគ្នា សាមគ្គីគ្នាជាក្រុម ចាប់ពីពេលនេះតទៅ ក្នុងនាមជាអ្នកដឹកនាំ ជាគ្រួសារតែមួយ ដើម្បីឲ្យកីឡាហុកមានតម្លៃ ផ្តល់ចំណេះដឹងដល់កីឡាករ កីឡាការិនី និងជួយជម្រុញអភិវឌ្ឍឲ្យហុកគីកម្ពុជាមានសក្តានុពលលើឆាកអន្តជាតិ នៅពេលខាងមុខ ។


ដោយឡែកលោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា បានបញ្ជាក់ថា វគ្គសិក្សាគ្រូបច្ចេកទេសកីឡាហុកគី កម្រិតទី១នេះ មានការសម្របសម្រួល ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការឧបត្ថម្ភបច្ចេកទេសពីសហព័ន្ធកីឡាហុកគីអាស៊ី (AHF) និងអង្គការសាមគ្គីអូឡាំពិក (OS) ដោយមានសិក្ខាកាមជាគ្រូបង្វឹកចូលរួមមកពីបណ្តាក្លិប ចំនួន២៥នាក់ សិក្សារយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ទី៣០ ខែកញ្ញា ឆ្នាំ២០២១ ។ លោក អគ្គលេខាធិការ អះអាងថា វគ្គសិក្សានេះរៀបចំឡើងក្នុងគោលបំណងជម្រុញអភិវឌ្ឍឡាហុកគី នៅកម្ពុជា ដើម្បីបណ្តុះធនធានគ្រូជំនាញឲ្យបានច្រើនត្រៀមផលិតកីឡាករ កីឡាការិនីអោយមានសម្តានុពល ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner