មេដឹកនាំអាមេរិក និងឥណ្ឌាធ្វើកិច្ចពិភាក្សាទ្វេភាគីផ្តោតសំខាន់លើការរក្សាសេរីភាព និងការបើកចំហនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

ញូដេលី៖ អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស បានជួបពិភាក្សា ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរក្សាសេរីភាព និងការបើកចំហនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមពង្រឹងនយោបាយឆ្ពោះមកកាន់តំបន់អាស៊ី និងបង្កើនទំនាក់ទំនងជាមួយសម្ពន្ធមិត្ត ដើម្បីទប់ទល់ឥទ្ធិពលរបស់ចិនក្នុងតំបន់។

អំឡុងជំនួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោកស្រី ហារីស បានថ្លែងថា សហរដ្ឋអាមេរិក ក៏ដូចជាឥណ្ឌាមានអារម្មណ៍ថា មានមោទនភាពយ៉ាងខ្លាំងនៅក្នុងភាពជាសមាជិកនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប៉ុន្តែប្រការនេះក៏ស្ថិតក្នុងភាពផុយស្រួយ និងសារៈសំខាន់ផងដែរ… បញ្ហាទាំងនេះ គឺទៅលើទំនាក់ទំនងរួមមានការរក្សាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយភាពសេរី និងបើកចំហ។ ជាមួយគ្នានេះ លោក ម៉ូឌី កោតសរសើរលោកស្រី ហារីស ថា ជាថ្នាក់ដឹកនាំពិតប្រាកដមួយរូប ប្រកប ដោយភាពជឿជាក់ និងជាមិត្តពិតប្រាកដរបស់ឥណ្ឌា ដែលបានជួយប្រទេសឥណ្ឌា ទប់ទល់នឹងជំងឺកូវីដ១៩។ លោក ម៉ូឌី បន្ថែមថា ក្នុងនាមជាប្រទេសប្រជាធិបតេយ្យដែលមានវ័យចំណាស់បំផុត និងប្រជាធិបតេយ្យធំបំផុត យើងគឺជាដៃគូដ៏ល្អប្រសើរបំផុតពីធម្មជាតិ ព្រោះយើងមានគុណតម្លៃដូចគ្នា។

សូមជម្រាបថា កន្លងមកនេះ លោក ចូ បៃដិន និងលោក ណារិនដ្រា ម៉ូឌី ក៏ធ្លាប់ជួបពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំ ក្វាដ (Quad) ផងដែរ រួមជាមួយនឹងមេដឹកពីរប្រទេសផ្សេងទៀត គឺជប៉ុន និងអូស្ត្រាលី។ កិច្ចប្រជុំ ក្វាដ ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូអនឡាញនាពេលថ្មីៗនេះ មានគោលដៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលសហរដ្ឋអាមេរិកតែងតែអះអាងថា ជាការទប់ទល់ឥទ្ធិពលចិនក្នុងតំបន់៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner