រថយន្តតូយ៉ូតាព្រូសបោះពួយទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយរបួសធ្ងន់ស្រាល ៤នាក់
ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងបុរស បីនាក់ទៀតបើករថយន្ត តូយូតាព្រូស មួយគ្រឿងបោះពួយក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់២ស្រាល៣២ឯរថយន្តបង្កខូចខាតស្ទើរទាំងស្រុង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២០ នៅចំណុចគល់ស្ពានអាកាសផ្សារដីហុយផ្នែកខាងលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសបីនាក់ទៀតបើករថយន្ត តូយូតាព្រូសពណ៌ស្ករមួយគ្រឿងគ្មានស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើតបោះពួយក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ ២នាក់ស្រាល ២ នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែករថយន្តបង្ករងការខូចខាត ផ្នែកខាងមុខស្ទើរទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅឯការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ