វីរុសផ្លូវដង្ហើម ខូរ៉ូណា នៅចិនបន្តឆក់យកអាយុជីវិតមនុស្សកើនដល់២៥នាក់ និងឆ្លង៨៣៥នាក់

ចិន៖សារព័ត៌មានចិន CGTN បានចុះផ្សាយឱ្យដឹងថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារវីរុសផ្លូវដង្ហើមថ្មី បានបន្តកើនឡើងដល់២៥នាក់ ខណៈដែលមនុស្សឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនេះ ក៏បានស្ទុះឡើងដល់៨៣៥នាក់ផងដែរ ។

រហូតមកទល់នឹងពេលនេះ វីរុសកូរ៉ូណាប្រភេទថ្មីខាងលើ បានរីករាលដាលដល់ប្រទេសចំនួន៨ហើយ ដែលក្នុងនោះរួមមាន ចិន កោះតៃវ៉ាន់ ថៃ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក សិង្ហបុរី និងវៀតណាម ។
អង្គការសុខភាពពិភពលោក (WHO) បានអះអាងថា វាដូចជាលឿនពេកហើយ ក្នុងការប្រកាសចាត់ទុកជំងឺផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាថ្មី នៅប្រទេសចិន ជាការព្រួយបារម្ភថ្នាក់អន្តរជាតិ តាមរយៈការប្រកាសភាពអាសន្នផ្នែកសុខាភិបាលសាធារណៈនោះ ។

ប៉ុន្តែជាមួយគ្នានេះ អង្គការអង្គការសុខភាពពិភពលោក ក៏បានព្រមានដែរថា ចំនួនករណីឆ្លងអាចនឹងផ្ទុះឡើងកាន់តែច្រើន ខណៈវីរុសថ្មីនេះនៅតែស្ថិតក្រោមភាពអាថ៌កំបាំងនៅឡើយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner