ចុះផ្អាកសំណង់សណ្ឋាគារ និងកំណត់ឲ្យរុះរើមួយផ្នែកចេញពីលើផ្លូវសាធារណៈ ជាបន្ទាន់
សៀមរាប៖ សំណង់សណ្ឋាគារដ៏ធំមួយដែលកំពុងសាងសង់លើផ្លូវ ត្រូវរដ្ឋបាលក្រុង និងខេត្តចុះទៅផ្អាក និងកំណត់អោយរុះរើមួយផ្នែកចេញ។ សំណង់សណ្ឋាគារ ដែលត្រូវបានមន្ត្រីចុះទៅកំណត់អោយរុះរើ នាព្រឹកថ្ងៃទី២៣ខែមករានេះ ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ត្រង់ចំណុចក្បែរផ្សារ ផល្លារាត្រីអង្គរ។
សណ្ឋាគារខាងលើនេះមានឈ្មោះ(ជាតិថាតាអង្គរ) ប៉ុន្តែក្នុងកំណត់ហេតុរបស់សមត្ថកិច្វ ឈ្មោះគង់ប៊ុនហេង ភេទប្រុសជាអ្នកតំណាងឲ្យម្ចាស់សំណង់។ ក្នុងពេលវាស់វែង និងកំណត់តាមប្លង់ ជំនាញបានបង្ហាញថា សណ្ឋាគារខាងលើនេះ បានសាងសង់ចូលមកលើផ្លូវចំនួន២ម៉ែត្រ។ ករណីនេះត្រូវរដ្ឋបាលក្រុង និងខេត្ត កំណត់អោយរុះរើដោយគ្មានលក្ខណ្ឌចាប់ពីថ្ងៃទី២៣ខែមករានេះ។ ក្នុងករណីម្ចាស់មិនអនុវត្តន៍រុះរើតាមលក្ខណ្ឌ អាជ្ញាធរ និងចាត់វិធានការរុះរើដោយមិនទទួលខុសត្រូវរាល់ការខូចខាតអ្វីទាំងអស់។
លោកអ៊ុង សុភ័ណ នាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំកម្លាំងចុះទៅអនុវត្តន៍ សុំមិនធ្វើអត្ថាធិប្បាយទេ។ ប៉ុន្តែលោកបានព្រលយពាក្យមួយឃ្លាថា ផ្នែកខាងជើងសណ្ឋាគារនេះ បានសាង់សង់មកលើផ្លូវខាងមុខ២ម៉ែត្រឯខាងក្រោយ១,៨៥ម៉ែត្រ។ ក្រៅពីនោះផ្នែកខាងមុខ (ខាង កើត)នៃសណ្ឋាគារ ក៏សង់ចូលចំណីផ្លូវផងដែរ ប៉ុន្តែក្រោយពេលអាជ្ញាធរកសាង និងពង្រីកផ្លូវ នឹងអនុវត្តតាមភាពជាក់ស្តែង។ ក្នុងពេលកលម្លាំងចម្រុះ ចុះអនុវត្តន៍ដោយប្រើ (GPS)វាស់ស្ទង់ ពលរដ្ឋដែលមានលំនៅដ្ឋាន ខាងក្រោយសណ្ឋាគារខាងលើ បានលើកដៃសំពះ បង្ហាញក្តីរំភើប បន្ទាប់ពីបានរស់នៅជាមួយភាពចង្អៀត មានតែផ្លូវម៉ូតូជាង១០ឆ្នាំមកនេះ។
ពលរដ្ឋម្នាក់ក្នុងចំណោម៨ ទៅ៩គរួសារបានប្រាប់ថា កាលពីជាង១០ឆ្នាំមុន អាជ្ញាធរតម្រូវអោយពួកគាត់បង្ខិតព្រំហើយទុកផ្លូវ៦ម៉ែត្រ។ លុះពួកគាត់បង្ខិតតាមការកំណត់ហើយ បែជាម្ចាស់សណ្ឋាគារខាងលើ សាង សង់លើផ្លូវអស់មួយផ្នែកធំ ធ្វើឲ្យផ្លូវសម្រាប់ចូល ផ្ទះពួកគាត់នៅសល់ត្រឹមមួយម៉ែត្រ ទោះពួកគាត់ប្តឹងសុំជួយអន្តរាគមន៍យ៉ាងណាក៏គ្មានដំណោះស្រាយ ដែលរឿងនេះត្រូវអូសបន្លាយរហូតជាង១០ឆ្នាំ។ ពលរដ្ឋដែលសុំមិនបង្ហាញឈ្មោះដដែល ឲ្យដឹងទៀតថា រយៈពេលជាង១០ឆ្នាំមកនេះ ត្រឹមធ្វើបង្គន់ឬធ្វើជណ្តើរផ្ទះ ក៏ត្រូវជញ្ជូនខ្សាច់ និងឥដ្ឋដោយបង្គីដែរ ព្រោះផ្លូវមានទំហ៊ុតែមួយម៉ែត្រ។
ក្រុមពលរដ្ឋទាំងនោះបានអះអាងថា តាមពិត ម្ខាស់សណ្ឋាគារខាងលើ ឈ្មោះសែ សាមុត ពីមុនគាត់ជាប្រធាន មន្ទីរសូរិយោដីសំណង់និងគនររូបនីកម្មខេត្តសៀមរាប។ ចឹងហើយទើបបានថ្នាក់ដឹងនាំខេត្តពិបាកក្នុងការអន្តរាគមន៍ រឿងបើកផ្លូវបែបនេះ។ យោងតាមលក្ខណ្ឌ ដែលរដ្ឋបាលក្រុង និងខេត្តតម្រូវអោយរុះរើ គេរំពឹងថា ម្ចាស់សំណង់សណ្ឋាគារខាងលើ និងសហការ ហើយពលរដ្ឋ៨ ទៅ៩គ្រួសារដែលរស់នៅស្ទើគ្មានច្រកចេញជាង១០ឆ្នាំមកនេះ និងមានផ្លូវចេញចូលដូចពលរដ្ឋទូទៅ ក្នុងខេត្តសៀមរាប នាពេលដ៏ខ្លីខាងមុខ៕ធ.ដ