តំណាងមេធាវីរបស់រាជរដ្ឋាភបាលកម្ពុជាថា លោកទទួលបានភស្តុតាងបន្ថែមពី សម រង្សុី ទុកសម្រាប់ដាក់បន្ទុកទាំង សម រង្សុី និង កឹម សុខា
ភ្នំពេញ៖ ក្រោយសវនាការពេញមួយព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ទៅលើសំណុំរឿង “ក្បត់ជាតិ” ឃុបឃិតជាមួយជនបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា របស់លោក កឹម សុខា ហាក់មិនមានអ្វីគួរអោយកត់សម្គាល់ច្រើននោះឡើយ ដោយសវនាការនេះ នៅតែបន្តនៅសប្តាហ៍ក្រោយទៀត។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺសវនាការនាព្រឹកនេះ ផ្តោតការសំខាន់ទៅលើឃ្លីបវីឌីអូជាងមួយម៉ោងដែលមេធាវីការពារជនជាប់ចោទ កឹម សុខា បានដាក់ដើម្បីដោះបន្ទុកលោក កឹម សុខា ។
ជុំវិញបញ្ហានេះ លោក គី តិច តំណាងមេធាវីរបស់រាជរដ្ឋាភបាលកម្ពុជា បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់សវនាការ យ៉ាងដូច្នេះថា “ភាគីជនជាប់ចោទ កឹម សុខា ក៏ដូចជាមេធាវីការពារសិទ្ធិជនជាប់ចោទ ហាក់ដូចជាមានការរាំងស្ទះចំពោះការចោទសួរដេញដោលដោយតំណាងអយ្យការ និងភាគីមេធាវីដើមបណ្តឹងរដ្ឋបវេណី”។ លោកបន្តថា គាត់មិនចង់អោយសាកសួរទៅលើភស្តុតាងដែលគាត់បានដាក់ ដើម្បីដោះបន្ទុកលោក កឹម សុខា។
ដោយឡែក ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់សវនាការលើលោក កឹម សុខា កាលពីម្សិលមិញ មេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញការជឿជាក់ទៅលើរឿងក្តីនេះកាន់ខ្លាំងឡើង ដោយលោកសង្កត់យ៉ាងធ្ងន់ថា “កឹម សុខា មិនអាចដោះបន្ទុករួចខ្លួននោះទេ”។ ប៉ុន្តែលោកស្រី ម៉េង សុភារី មេធាវីការពារក្តី លោក កឹម សុខា វិញ អះអាងថា នេះគឺជាសវនាការពិនិត្យ ដេញដោលរវាងវីដេអូរយៈពេល២នាទីដែលយកមកដាក់បន្ទុក និង ភស្តុតាងដោះបន្ទុករបស់លោក កឹម សុខា ដែលមានខ្លឹមសារពេញរយៈពេល១ម៉ោង៣នាទី។ ក្រុមមេធាវី រកឃើញថា ភស្តុតាងដាក់បន្ទុកជាភស្តុតាងក្លែងក្លាយ ដោយសារមានការកាត់វីដេអូរជាកង់ៗ ហើយយកមក ត ភ្ជាប់គ្នា ធ្វើឲ្យប្រាស់ចាក និងមិនឆ្លុះបញ្ចាំងពីខ្លឹមសារ និងគោលបំណងពិតប្រាកដនៃសន្ទរកថា ។
ជុំវិញសំណុំរឿងដ៏ក្តៅគគុកនេះ លោក គី តិច ធ្លាប់បញ្ជាក់ហើយ ភស្តុតាងមានច្រើនក្នុងដាក់បន្ទុកទៅលើជនជាប់ចោទ កឹម សុខា។ ជាមួយគ្នាដែរ លោកក៏បានបង្ហាញភស្តុតាងថ្មីមួយទៀត ឆ្លើយតបទៅនឹងលោក សម រង្សុី ដែលតែងតែបង្ហោះនៅហ្វេសប៊ុក ដែលមានទាំងរូបថត ឬ ធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា បានសហការជាមួយអង្គការបរទេសជាច្រើន ក្នុងគោលបំណងរៀបចំឲ្យមានការផ្លាស់ប្តូរ ឬ ផ្តួលរំលំរាជរដ្ឋាភបាលកម្ពុជា។
លោក គី តិច លើកឡើងថា “ខ្ញុំអរគុណ ចំពោះការស្វែងរកភស្តុតាងដ៏មានសារសំខាន់នេះ សង្ឃឹមថា តំណាងអយ្យការ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាចៅក្រមសើបសួរ ច្បាស់ជាប្រមូលភស្តុតាងដែល សម រង្សុី បានបង្ហាញ ទុកសម្រាប់ដាក់បន្ទុកបន្ថែម ទាំង សម រង្សុី ទាំងជនជាប់ចោទ កឹម សុខា” ។
លោកបន្តថា សំណុំរឿងបានបំបែករួចហើយ សំណុំរឿងបានបំបែកសម្រាប់ស្វាគមន៍ សម រង្សុី ពាក់ព័ន្ធបញ្ហាហ្នឹង។ សូមជម្រាបថា សវនាការរឿងក្តីដ៏ក្តៅគគុកនេះ នឹងអាចពន្យាពេលជាច្រើនថ្ងៃបន្តទៀត ដោយសារតែមានអ្នកពាក់ព័ន្ធជាច្រើន ដែលនឹងត្រូវផ្តល់សក្ខីកម្មជូនដល់តុលាការ។ ហើយសវនាការនេះ នឹងបន្ត រាល់ថ្ងៃ ពុធ ថ្ងៃព្រហស្បតិ រៀងរាល់សប្តាហ៍៕ធ.ដ