អូស្ត្រាលី មានគម្រោងផ្តល់ទិដ្ឋាការ ផ្នែកកសិកម្ម ដល់កម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលី គ្រោងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម (Australian Agriculture Visa)សម្រាប់ប្រទេសជាដៃគូរ ។ ទិដ្ឋាការផ្នែកកសិកម្មនេះ មានលក្ខណៈបើកចំហរ ដល់ប្រទេសជាដៃគូរបស់អូស្ត្រាលី ដោយប្រទេសអាស៊ាន ត្រូវចាត់ទុកជាប្រទេសគោលដៅសំខាន់។នេះជាការលើកឡើងរបស់ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជាក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង នាពេលព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។
ឯកឧត្តមបន្តថា៖រដ្ឋាភិបាលអូស្ត្រាលី មានការពេញចិត្តណាស់ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចេញសេចក្តីជូនដំណឹង ដើម្បីទប់ស្កាត់ មិនឱ្យមានការបោកប្រាស់ពលករកម្ពុជា ដែលថា អូស្ត្រាលីបានផ្តល់ទិដ្ឋការការងារ ទៅធ្វើការខាងផ្នែកកសិកម្ម ដោយភាគីទាំងពីរកំពុងស្ថិតក្នុងដំណាក់ការចរចា ដើម្បីបើកឱកាសការងារនេះ។ ឯកឧត្តមមានការបារម្ភណ៏ ខ្លាចក្រែងមានជនឱកាសនិយម យកព័ត៌មាននេះទៅបំភ្លៃការពិត ហើយបោកបញ្ឆោតពលករកម្ពុជា ក្នុងពេលដែលអូស្ត្រាលី មិនទាន់អនុញ្ញាតជាផ្លូវការ ឱ្យកម្ពុជាបញ្ជូនបាននៅឡើយ ហើយខាងស្ថានទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា នឹងបន្តធ្វើការងារជាមួយអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ស្នើសុំទៅទីក្រុងកង់បេរ៉ា ធ្វើការពិនិត្យសម្រេច។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបង្ហាញនូវក្តីរីករាយក្រៃលែង ដែលទទួលបានព័ត៌មាន ដែលរដ្ឋាភិបាលអូស្រ្តាលី គ្រោងនឹងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម ដល់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ក្នុងនោះ ក៏មានកម្ពុជាផងដែរ។ សម្រាប់គម្រោង ទិដ្ឋាការកសិកម្មអូស្រ្តាលី ដែលកំពុងត្រូវការពលករទៅបម្រើការងារ ផ្នែកប្រមូលផលកសិកម្ម ការនេសាទ និងជលផល និងឧស្សាហកម្មធនធានជាដើមនេះ ឯកឧត្តមរំពឹងថា ពលករកម្ពុជា ពិតជាអាចបម្រើការងារនេះបានយ៉ាងល្អ ជូនដល់និយោជករបស់អូស្ត្រាលី។
ឯកឧត្តមបានស្នើសុំឱ្យឯកឧត្តមអគ្គរដ្ឋទូត ពិចារណារ ផ្តល់ឱកាសជូនដល់ពលករកម្ពុជា បានចេញទៅធ្វើការនៅប្រទេសអូស្ត្រាលី ឲ្យបានចំនួនច្រើន ដូចកម្ពុជាបានបញ្ជូនទៅសាធារណរដ្ឋកូរ៉េ ដែរ ហើយបើអាចក្រៅពីផែ្នកកសិកម្ម សូមភាគីអូស្ត្រាលី ពិចារណាក្នុងការបើកឱកាស ជូនដល់ពលករកម្ពុជា ទៅធ្វើការផ្នែកសំណង់ សេវាកម្ម និងឧស្សាហកម្មផងដែរ ។ ដើម្បីពួកគាត់ទទួលបាននូវប្រាក់ចំណូលខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ពីអូស្ត្រាលី។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីអូស្រ្តាលី នឹងផ្តល់ឱកាសការងារនេះ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះថា កម្ពុជាបានរៀបចំបានយ៉ាងល្អ នូវលិខិតបទដ្ឋាន គោលនយោបាយ និងយន្តការច្បាស់លាស់ ដែលជាប្រព័ន្ធគ្រប់គ្រងមួយយ៉ាងល្អ ក្នុងការធានាបាននូវការជ្រើសរើស បញ្ជូន និងគ្រប់គ្រងពលករ មិនឱ្យមានការរំលោភបំពានសិទ្ធិ និងអត្ថប្រយោជន៍ ហើយអាចទប់ស្កាត់បាននូវការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្សជាដើម ។
សូមបញ្ជាក់ថា គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី (Australian Agriculture Visa) ត្រូវបានប្រកាសកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្នុងនោះ អូស្រ្តាលីត្រូវការជ្រើសរើសពលករផ្នែក កសិកម្ម នេសាទ និងជលផល និងឧស្សាហកម្មធនធានដើម ។
គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលីនេះ ស្រដៀងគ្នា នឹងគម្រោងការងារប៉ាស៊ីហ្វីក(Pacific Labour Scheme) ដោយពលករក្រោមគម្រោង ទិដ្ឋាការកសិកម្មអូស្ត្រាលី អាចធ្វើការបានរហូតដល់រយៈពេល ១ឆ្នាំ ដល់ ៣ឆ្នាំ ក្រោមការទទួលបន្ទុក ដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ៕