សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅឆ្នាំ២០២២
ភ្នំពេញ: សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សាការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ អនុគណៈកម្មាការនានា ដែលមានភារកិច្ចចូលរួមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័ ឆ្នាំ២០២២ គឺត្រូវរៀបចំកិច្ចការទាំងឡាយឱ្យបាន១ឆ្នាំមុន ហើយកិច្ចប្រជុំក្នុងឆ្នាំ២០២២ ខាងមុខ មានប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក ថែមទៀត។
សម្តេចិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការកោតសរសើរដល់អនុគណៈកម្មាការ ខ្លឹមសារ និងឯកសារកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ពន្ធ័ឆ្នាំ២០២២ នៅកម្ពុជា។ ដោយសម្តេចពិជ័យសេនា បានបញ្ជាក់ថា ការជ្រើសរើសយកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ គឺជាការត្រឹមត្រូវ ពីព្រោះថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រនៃថ្ងៃប្រារព្ធខួបលើកទី៤៥ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះ គឺជាការគិតគូរហើយក៏ដូចជាការស្វះស្វែងរកការឯកភាពធំមួយអំពីទស្សនៈគោលជំហរ និងស្មារតី ពីព្រោះនេះជាបញ្ហាសំខាន់បំផុតសម្រាប់ ខភម និងក្រសួងការពារជាតិក៏ដូចជាសម្រាប់រាជរដ្ឋាភិបាល។ ការឯកភាព និងស្វះស្វែងទស្សនៈគោលជំហរនេះ ពិនិត្យទៅលើការរៀបចំ ខ្លឹមសារ ហើយនៅក្នុងខ្លឹមសារ គឺមានផែនដែលត្រូវការចាំបាច់ដោយខានមិនបាន គឺការចងមូលបទ-អាទិភាព បន្ទាប់មកទើបផលិតចេញជាឯកសារធាតុរឹង។ ក្នុងន័យនេះ ត្រូវការឯកភាព និងមានសំឡេងតែមួយនៅក្នុងអ្វីដែលត្រូវនិយាយ អ្វីដែលត្រូវអនុវត្តនៅក្នុងវិស័យការពារជាតិ និងខភម។ ដូចនេះ ការគិតគូរ ដើម្បីស្វែងរកអទិភាព និងគិតគូរមូលបទ នេះគឺមានមានសារសំខាន់៕
ដោយៈពលជ័យ