លោកឧកញ៉ា តាំង គួង និងលោកជំទាវ បានឧបត្ថម្ភឱសថ បុរាណ ចិន ចំនួន ៦,០០០ ប្រអប់ ជូនរដ្ឋបាលខេត្តព្រះសីហនុ
លោកឧកញ៉ា តាំង គួង និងលោកជំទាវ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឧបត្ថម្ភឱសថបុរាណចិន LIANHUA QINGWEN JIAONANG ចំនួន ៦,០០០ ប្រអប់ ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចាត់ចែងប្រើប្រាស់តាមការចាំបាច់។
ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណ លោកឧកញ៉ា តាំង គួង និងលោកជំទាវ ចំពោះការឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ឯកឧត្តម អភិបាលខេត្ត បានចាត់ទុកថា ការចែករំលែកនេះ គឺជាការចូលរួមចំណែកមួយជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តម អភិបាលខេត្ត សង្ឃឹមថា លោកឧកញ៉ា ឯកឧត្តម លោកជំទាវ បងប្អូនសប្បុរសជន បណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត បន្តទៀត។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ឱសថាLIANHUA នេះ ត្រូវបានប្រើប្រាស់តាំងពីឆ្នាំ២០០៣ នៅពេលដែលមានផ្ទុះជំងឺសារ និងក្រុនផ្តាសាយបក្សី H1N1 និងប្រើដើម្បីព្យាបាលជំងឺរលាកផ្លូវដង្ហើមកម្រិតស្រាលៗផងដែរ។
ក្រសួងសុខាភិបាលទទួលស្គាល់ឱសថនេះ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ លោកជំទាវ បានសង្កត់ធ្ងន់ថា ថ្នាំនេះមិនមែនប្រើសម្រាប់ព្យាបាលជំងឺកូវីដ១៩ទេ ប៉ុន្តែគេអាចប្រើវាសម្រាប់ជួយសម្រួលនូវរោគសញ្ញាមួយចំនួនដូចជាក្រុនក្តៅ ក្អក ហៀរសំបុរ …ដើម្បីទប់ទល់កុំអោយជំងឺវិវត្តិទៅរកភាពធ្ងន់ធ្ងរ។ ឱសថនេះគេប្រើនៅប្រទេសចិន នៅពេលចិនផ្ទុះឆ្លងកូវីដ១៩ដំបូង ហើយបច្ចុប្បន្នត្រូវបានប្រើប្រាស់នៅប្រទេសមួយចំនួនក្នុងពិភពលោក។
ឱសថចិននេះ គេប្រើតែលើមនុស្សពេញវ័យ មួយថ្ងៃ៣ដង ១ដងលេប៤ គ្រាប់។ អ្នកជំងឺអាចប្រើប្រាស់បានតែក្នុងរយៈពេលពី១សប្តាហ៍ទៅ១០ថ្ងៃយ៉ាងយូរបំផុត។ ឱសថនេះអាចបង្កផលរំខានមួយចំនួនដែរដូចជា ស្ងួតបំពង់ក ចង់ក្អួត ចង្អុរ វិលមុខ និងឈឺពោះឬក្រពះជាដើម។ ដូច្នេះអ្នកប្រើថ្នាំនេះត្រូវមានការប្រុងប្រយត្ន័ខ្ពស់ និងត្រូវប្រឹក្សាជាមួយគ្រូពេទ្យដើម្បីចៀសវាងផលប៉ះពាល់ដល់សុខភាព៕ខៀវ សាវ៉ុន