កម្ពុជា ប្រកាសផ្តល់វ៉ាក់សាំង Sinovac ចំនួន ២០ម៉ឺនដូស ដល់ប្រទេសឡាវ ដែលពិធីប្រគល់-ទទួល នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិ ក្នុងខេត្តស្ទឹងត្រែង

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានប្រកាសឱ្យដឹងនៅព្រលប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្ដល់វ៉ាក់សាំងប្រភេទស៉ីណូវ៉ាក់ចំនួន ២០ម៉ឺនដូស ជូនរដ្ឋាភិបាលឡាវ ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន សំដៅការពារជំងឺកូវីដ១៩ ។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា វ៉ាក់សាំងស៉ីណូវ៉ាក់ ទាំង ២០ម៉ឺនដូសនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់តាំងឱ្យឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស អញ្ជើញជាតំណាង ប្រគល់ជូនរដ្ឋាភិបាលឡាវ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដែលពិធីប្រគល់ និងទទួលវ៉ាក់សាំង ស៉ីណូវ៉ាក់ទាំង ២០ម៉ឺនដូស នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ក របស់ប្រទេសឡាវ ។

ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់ឱ្យដឹងដរថា ឯកឧត្តម និងក្រុមការងារ នឹងធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ដើម្បីប្រគល់វ់ាក់សាំង ជូនថ្នាក់ដឹកនាំរដ្ឋាភិបាលឡាវ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង។

ឯកឧត្តម ថា ការសម្រេចផ្ដល់វ៉ាក់សាំងរបស់កម្ពុជា ជូនរដ្ឋាភិបាលឡាវនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ដ៏ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះសុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ដែលរស់នៅជាប់ព្រំដែនជាមួយគ្នា។ ការផ្ដល់វ៉ាក់សាំងជូនរដ្ឋាភិបាលឡាវនៅពេលនេះ នឹងសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនឡាវ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។

សូមរំលឹកថា កាលពីពេលកន្លងទៅ កម្ពុជា ក៏បានបរិច្ចាគបរិក្ខាការពារជំងឺកូវីដ-១៩ ជូនប្រទេសមួយចំនួនផងដែរ តាមលទ្ធភាពជាក់ស្ដែង ដូចជា ប្រទេសមីយ៉ាន់ម៉ា ទីម័រខាងកើត ឡាវ វៀតណាម និងប្រទេសនេប៉ាល់ជាដើម ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner