បាតុករទុយនីស៊ីរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានីទុយនីស ដើម្បីតវ៉ាប្រឆាំងនឹងការដណ្តើមអំណាចរបស់ប្រធានាធិបតីលោក Kais Saied និងអំពាវនាវឱ្យលោកចុះចេញពីតំណែង

អត្ថបទដោយ៖
AMS OneMinute

កាលពីថ្ងៃទី២៦ កញ្ញា បាតុករទុយនីស៊ីរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានីទុយនីស ដើម្បីតវ៉ាប្រឆាំងនឹងការដណ្តើមអំណាចរបស់ប្រធានាធិបតីលោក Kais Saied និងអំពាវនាវឱ្យលោកចុះចេញពីតំណែង ដោយបង្ហាញកំហឹងជាសាធារណៈដ៏ធំបំផុត។

បាតុករឈ្មោះ Soumaya Werhani បាននិយាយថា៖ “ពួកយើងធ្វើបាតុកម្ម ដើម្បីប្រឆាំងការសម្រេចចិត្តរបស់ប្រធានាធិបតី ក្នុងការដកហូតរដ្ឋធម្មនុញ្ញ និងការធ្វើរដ្ឋប្រហារប្រឆាំងស្ថាប័នរដ្ឋ។”

លោក Saied ប្រកាសអំណាចរបស់ខ្លួនក្នុងការគ្រប់គ្រងប្រទេសដោយក្រឹត្យ ថែមទាំងដកហូតនូវរដ្ឋធម្មនុញ្ញឆ្នាំ ២០១៤ ក្នុងរយៈពេលប្រមាណតែពីរខែប៉ុណ្ណោះ បន្ទាប់ពីលោកបណ្តេញនាយករដ្ឋមន្រ្តីចាស់ចេញពីដំណែង និងបង្កកសភា ព្រមទាំងប្រើប្រាស់អំណាចប្រតិបត្តិ។ តាមរយៈក្រឹត្យថ្មីនេះ លោក Saied មានអំណាចអាចតែងតាំងសមាជិកគណៈរដ្ឋមន្ត្រី និងកំណត់គោលនយោបាយ។

អង្គការសិទ្ធិមនុស្សពិភពលោក និងទុយនេស៊ីជាង ២០ បានចេញសេចក្តីថ្លែងការណ៍រួម ដោយថ្កោលទោសចលនារបស់លោកប្រធានាធិបតី Saied ថាជាការដណ្តើមអំណាច និងអះអាងថាក្រឹត្យដែលពង្រឹងអំណាចរបស់ការិយាល័យប្រធានាធិបតីនេះ គឺជាការលុបបំបាត់រដ្ឋធម្មនុញ្ញដោយចេតនា ក្នុងជំហានដំបូងឆ្ពោះទៅរករបបផ្តាច់ការ។

ប្រភព៖ Al Jazeera

ads banner