ក្រសួងការងារឱ្យរោងចក្រ សហគ្រាសដាក់សាកល្បងនូវរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១នេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការដាក់ឱ្យអនុវត្តសាកល្បងនូវរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម សម្រាប់រោងចក្រ សហគ្រាស ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប។
ក្នុងសេចក្តីជូនដំណឹង ខាងលើនេះក្រសួងការងារបានបញ្ជាក់ថា ក្នុងគោលបំណងធ្វើទំនើបកម្មប្រព័ន្ធអធិការកិច្ចការងារ ធ្វើអធិការការកិច្ចការងារដោយផ្អែកលើកម្រិត ហានិភ័យរបស់រោងចក្រ សហគ្រាស, កាត់បន្ថយបន្ទុករបស់រោងចក្រ សហគ្រាសក្នុងការទទួលប្រតិភូអធិការកិច្ច ការងារក្នុងបរិបទកូវីដ-១៩ ក៏ដូចជាអនុវត្តតាមផែនការសកម្មភាពរួមរវាងក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹង ដាក់ឱ្យអនុវត្តសាកល្បងនូវរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់រោងចក្រ សហគ្រាស ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ តាមរយៈគេហទំព័រ https://sicms.mlvt.gov.kh/។
ក្រសួងការងារបានឱ្យដឹងបន្ថែមថា ក្នុងករណីម្ចាស់ ឬនាយករោងចក្រ សហគ្រាស ដែលខកខានក្នុងការធ្វើស្វ័យប្រកាសសាកល្បងនេះ ត្រូវទទួលការផាកពិន័យតាមច្បាប់ជាធរមាន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស អនុវត្តបានត្រឹមត្រូវតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕ដោយ៖ម៉ាដេប៉ូ