បណ្ឌិត្យសភានគរបាលកម្ពុជា បានពិនិត្យតាមដាននិងវាយតម្លៃ ការអនុវត្តគោលការណ៍ប្រឡងប្រណាំងនៅតាមអង្គភាពចំណុះជាប់ជាប្រចាំ
ដីឥដ្ឋ៖ ដោយបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លោកឧត្តមសេនីយ៍ត្រី ប៊ុន ភក្ដី ប្រធានដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង បានដឹកនាំក្រុមការងារចុះពិនិត្យតាមដាននិងវាយតម្លៃការអនុវត្តគោលការណ៍ប្រឡងប្រណាំងលើលក្ខណវិនិច្ឆ័យចំនួន៣ គឺការងារគ្រប់គ្រង ការលើកកម្ពស់គុណភាពអប់រំ និងការថែរក្សាបរិស្ថាននៅវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល ក្រោមការដឹកផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឆឹង បុត្រ នាយកវិទ្យាស្ថាន ដោយមានការចូលរួមពីនាយករងនិងនាយការិយាល័យចំណុះវិទ្យាស្ថានផងដែរនៅថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ ២០២១ ។
ការពិនិត្យតាមដាននិងវាយតម្លៃនេះ ជាការវាយតម្លៃបែបរោគវិនិច្ឆ័យ ដើម្បីរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចដែលត្រូវកែលម្អ និងផ្ដល់អនុសាសន៍ក្នុងទិសដៅលើកកម្ពស់ប្រសិទ្ធភាពការងារដឹកនាំគ្រប់គ្រង លើកកម្ពស់គុណភាពអប់រំ និងលើកកម្ពស់សោភណ្ឌភាពបរិស្ថានឱ្យកាន់តែល្អប្រសើរ។
ក្នុងនោះដែរការប្រមូលព័ត៌មានតាមតម្រូវការសូចនាករនៃលក្ខណវិនិច្ឆ័យ ត្រូវបានប្រើដោយវិធីសាស្រ្តសម្ភាសន៍ ពិនិត្យឯកសារ អង្កេត និងចុះពិនិត្យផ្ទាល់ដល់ការិយាល័យ បន្ទប់សិក្សា និងតំបន់សម្អាតដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់វិទ្យាស្ថាន ដោយផ្អែកលើឧបករណ៍ពិនិត្យតាមដាននិងវាយតម្លៃដើម្បីដាក់ពិន្ទុនិងធ្វើរបាយការណ៍លទ្ធផលនៃការអនុវត្តគោលការណ៍ប្រឡងប្រណាំង ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ពិនិត្យនិងសម្រេចក្នុងការផ្ដល់ការលើកទឹកចិត្តជាលិខិតសរសើរឬគោរពស្នើសុំទៅសម្តេចក្រឡាហោម ដើម្បីផ្តល់បណ្ណសរសើរប្រចាំឆ្នាំ។ដោយ-រ៉ាវុធ