ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២នឹងទទួលបាន ១៩៤ ក្នុងមួយខែ
រាជធានីភ្នំពេញ៖ ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាជាច្រើនថ្ងៃរួចមកទីបំផុតក្រសួងាករងារបានឱ្យដឹងថាក្រុមប្រឹក្សាមួយនេះ បានស្នើតួលេខចំនួន ១៩២ដល់កម្មករនិយោជិត និង រួមទាំងការបូកជាមួយសម្តេច តេជោ ហ៊ុន សែនបានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ដុល្លារអាមេរិកលើទឹកប្រាក់ចំនួន ១៩២ ដុល្លារដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បងប្អូនកម្មករនិយោជិត នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩៤ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករ និយោជិតពេញសិទ្ធិ និងចំនួន ១៩២ ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិត សាកល្បង។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារបានឱ្យដឹងថាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការ ត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប, តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ និង បានបន្តកិច្ចប្រជុំរហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។
ពាក់ព័ន្ធក្នុងរឿងនេះក្រសួងការងារបានថា ក្រោយពីកិច្ចប្រជុំជាច្រើនលើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករនិយោជិតរក្សាតួលេខចុងក្រោយរបស់ខ្លួន ២០៤ដុល្លារអាមេរិក, តំណាងភាគី និយោជករក្សាតួលេខ ១៨៨ដុល្លារអាមេរិក, និងតំណាងភាគីរាជរដ្ឋាភិបាលដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ កំណត់យកតួលេខ ១៩២ដុល្លារអាម៉េរិក។
យោងមាត្រា១២នៃច្បាប់ស្តីពីប្រាក់ឈ្នួល អប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ កិច្ចប្រជុំព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីគាំទ្រតួលេខនីមួយៗដោយទទួលបានលទ្ធផលដូចខាងក្រោម៖ តួលេខចំនួន ១៨៨ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង តួលេខចំនួន ២០៤ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ៦សំឡេង លើ ៥១សំឡេងតួលេខចំនួន ១៩២ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ៤៥សំឡេង លើ ៥១សំឡេង និងសំឡេងមិនបានការចំនួន០សំឡេង លើ ៥១សំឡេង។ ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានស្នើតួលេខចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាមេរិក ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេច លើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២២។
ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា យោងរបាយការណ៍របស់លោក រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតនៅក្នុង បរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចនិងសង្គម ជាពិសេស ទៅលើបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ (ពីរ) ដុល្លារអាមេរិកលើទឹកប្រាក់ចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាមេរិក។ ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩៤ (មួយរយកៅសិបបួន) ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករ និយោជិតពេញសិទ្ធិ និងចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិត សាកល្បង។
ក្រសួងបានឱ្យដឹងបន្ថែមថា សម្រាប់ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបាន រក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាមេរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែម ម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្ល, និង ប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាមេរិក ដល់ ១១ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ និយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។
ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួល បានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២១១ (ពីររយដប់មួយ) ដុល្លារអាមេរិក ដល់ ២២២ (ពីររយម្ភៃពីរ) ដុល្លារ អាម៉េរិក ក្នុងមួយខែ។ ក្រសួងការងារបានលើកឡើងដែរថា ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ប្រាក់បន្ថែមចំនួន ២ (ពីរ) ដុល្លារអាមេរិក លើតួលេខដើមរបស់ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលការបន្ថែមនេះនឹងរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូន កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក៏ដូចជា ក្រុមគ្រួសារកាន់តែមានភាពល្អប្រសើរឡើងជាងមុន៕ដោយ៖ម៉ាដេប៉ូ