ជំងឺកូវីដបន្ថយអត្រាអាយុសង្ឃឹមរស់ខ្ពស់បំផុតគិតចាប់តាំងពីសង្គ្រាមលោកលើកទី២មក
ជំងឺកូវីដ-១៩ បានបន្ថយអត្រាអាយុសង្ឃឹមរស់ខ្ពស់បំផុតនៅក្នុងប្រទេសអភិវឌ្ឍន៍ បើគិតចាប់ពីសង្គ្រាមលោកលើកទី ២ មក ដោយក្នុងនោះ អត្រាអាយុសង្ឃឹមរស់របស់បុរសជនជាតិអាមេរិកមានចំនួនខ្លីជាងគេ។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន The Financial Times។

ការសិក្សាអំពីការកំណត់អត្រាមរណភាពនៅទូទាំងប្រទេសចំនួន ២៩ នៅទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសឈីលី បានរកឃើញថា អត្រាអាយុសង្ឃឹមរស់នៅប្រទេសចំនួន ២៧ បានថយចុះនៅឆ្នាំ ២០២០ ដែលជាការថយចុះស្ថិតក្នុងកម្រិត ដែលកើតឡើងស្របពេល ដែលអត្រាមរណប្រមាណមានការកើនឡើងជាខ្លាំងក្នុងឆ្នាំនេះ។ នេះបើយោងតាមការស្រាវជ្រាវ ដែលដឹកនាំ ដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Oxford ។
ជាមួយគ្នានេះ បុរសនឹងប្រឈមនឹងការថយចុះអត្រាសង្ឃឹមរស់ច្រើនជាងស្ត្រី ដែលគេសង្កេតឃើញនៅទូទាំងប្រទេសភាគច្រើន។ ការធ្លាក់ចុះយ៉ាងខ្លាំងនេះ ត្រូវបានគេសង្កេតឃើញក្នុងចំណោមបុរសនៅសហរដ្ឋអាមេរិក ដែលបានមានការធ្លាក់ចុះដល់ទៅ ២,២ ឆ្នាំ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ បន្ទាប់មកគឺបុរសលីទុយអានី ដែលត្រូវប្រឈមនឹងការធ្លាក់ចុះ ១,៧ ឆ្នាំ។
លោក Jose Manuel Aburto អ្នកស្រាវជ្រាវការសិក្សានេះ បានប្រសាសន៍ថា៖ «អំឡុងសង្គ្រាមលោកលើកទី ២ បណ្តាប្រទេសនៅអឺរ៉ុបខាងលិច ដូចជា អេស្ប៉ាញ អង់គ្លេស និងវែល អ៊ីតាលី បែលហ្ស៊ិក និងប្រទេសដទៃទៀត ជាប្រទេសមានការធ្លាក់ចុះអត្រាសង្ឃឹមរស់យ៉ាងខ្លាំងបំផុត ពោលគឺធ្លាក់ចុះត្រឹម ១ ឆ្នាំប៉ុណ្ណោះ»។
ស្ត្រីនៅក្នុងប្រទេសចំនួន ៨ និងបុរសនៅក្នុងប្រទេសចំនួន ១១ ត្រូវប្រឈមនឹងតំហយអាយុសង្ឃឹមរស់ ច្រើនជាង ១ ឆ្នាំ ខណៈដែលប្រទេសចំនួន ២២ ផ្សេងទៀត ត្រូវប្រឈមនឹងតំហយអាយុសង្ឃឹមរស់ច្រើនជាងកន្លះឆ្នាំ។
លោកវេជ្ជបណ្ឌិត Aburto បានមានប្រសាសន៍ថា៖ «តាមបរិបទ ជាមធ្យមក្នុងរយៈពេល ៥.៦ ឆ្នាំម្តង ប្រទេសទាំងនេះ ត្រូវសម្រេចបាននូវការកើនឡើងអត្រាសង្ឃឹមរស់ ១ ឆ្នាំ ប៉ុន្តែបែជាត្រូវបានកាត់បន្ថយអត្រាសង្ឃឹមរស់វិញ ដោយសារវិបត្តិកូវីដ-១៩»។
ការធ្លាក់ចុះអាយុសង្ឃឹមរស់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ គឺមិនធ្លាប់មានពីមុនមកសម្រាប់ទាំងស្ត្រី និងបុរស។ នេះបើយោងតាមទិន្នន័យ ដែលអាចរកបាននៅឆ្នាំ ១៩៣៣ ក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ច។ អាយុកាលសង្ឃឹមរស់របស់ស្ត្រីអាមេរិក បានធ្លាក់ចុះដល់ទៅ ១.៦៥ ឆ្នាំនៅឆ្នាំ ២០២០ បើប្រៀបធៀបនឹងឆ្នាំមុន។
ការធ្លាក់ចុះជាខ្លាំងនៅសហរដ្ឋអាមេរិកនេះ គឺបណ្ដាលមកពីការកើនឡើងអត្រាមរណភាពដ៏ច្រើនគួរឱ្យកត់សម្គាល់ក្នុងចំណោមមនុស្សវ័យធ្វើការនៅវិបត្តិកូវីដ។
លោក Ridhi Kashyap សហអ្នកនិពន្ធនាំមុខនៃការស្រាវជ្រាវ បាននិយាយថា៖ « នៅសហរដ្ឋអាមេរិក ការកើនឡើងនៃអត្រាមរណភាព ចំពោះក្រុមអាយុក្រោម ៦០ ឆ្នាំ បានរួមចំណែកយ៉ាងសំខាន់ដល់ការធ្លាក់ចុះនៃអត្រាសង្ឃឹមរស់នៅទូទាំងទ្វីបអឺរ៉ុប ភាគច្រើនអត្រាមរណភាព ស្ថិតនៅក្នុងក្រុមមនុស្សមានអាយុក្រោម ៦០ ឆ្នាំ»។
អ្នកជំនាញសុខភាព បានសន្មតថា ភាពខុសគ្នានៃជីវសាស្ត្រ និងកត្តាអាកប្បកិរិយា អាចរួមចំណែកដល់ករណីជំងឺធ្ងន់ធ្ងរក្នុងចំណោមបុរស បើប្រៀបធៀបជាមួយស្ត្រី។
លោក David Dowdy សាស្ត្រាចារ្យរងនៅសកលវិទ្យាល័យវេជ្ជសាស្ត្រ Johns Hopkins University បានមានប្រសាសន៍ថា៖ «ស្ត្រី និងបុរសមាននិន្នាការឆ្លងជំងឺកូវីដ-១៩ ក្នុងអត្រាប្រហាក់ប្រហែលគ្នាបុរស បើទោះជាបុរសត្រូវប្រឈមនឹងការឈឺធ្ងន់ក្នុងរយៈពេលខ្លី ហើយស្ត្រីត្រូវប្រឈមនឹងករណីជំងឺកូវីដរយៈវែងច្រើនជាងបុរសក៏ដោយ»។
វេជ្ជបណ្ឌិត Kashyap បានបន្ថែមថា៖ «អ្នកស្រាវជ្រាវ ដឹងអំពីបញ្ហាមួយចំនួន ដែលទាក់ទងនឹងការស្លាប់ដោយសារការរាប់ចំនួនស្លាប់ ដោយសារកូវីដ ការធ្វើតេស្តមិនត្រឹមត្រូវ ឬ ការធ្វើចំណាត់ថ្នាក់មិនត្រឹមត្រូវ។ លទ្ធផលសិក្សា បានបង្ហាញពីផលប៉ះពាល់ធំធេង ដែលបង្កឡើង ដោយជំងឺកូវីដ-១៩ ធ្វើឱ្យមានការតក់ស្លុតជាខ្លាំង»។
អ្នកស្រីបានបន្ថែមថា៖ «យើងអំពាវនាវជាបន្ទាន់ឱ្យមានការបោះពុម្ពផ្សាយ និងចែកចាយទិន្នន័យនេះឱ្យបានទូលំទូលាយ រួមទាំងប្រទេស ដែលមានចំណូលទាប និងមធ្យម ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីផលប៉ះពាល់នៃជំងឺរាតត្បាតទូទាំងពិភពលោក»។
ការប៉ាន់ស្មានចេញពីការិយាល័យស្ថិតិជាតិ (ONS) កាលពីដើមខែនេះ បានបង្ហាញពីការប្រែប្រួលរវាងផ្នែកផ្សេងៗនៃចក្រភពអង់គ្លេសទាក់ទងនឹងអាយុកាលសង្ឃឹមរស់ជាមធ្យម លើទារកទើបនឹងកើតថាតើពួកគេនឹងរស់នៅយូរប៉ុណ្ណា ប្រសិនបើអត្រាមរណភាពបច្ចុប្បន្ននៅតែបន្តកើនឡើង។