តើការដោះលែងកូនស្រីម្ចាស់ Huawei ជាសញ្ញាណបន្ធូរបន្ថយភាពតានតឹងរវាងអាមេរិក និងចិន?

អ្នកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) ​នាយិកា​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei ត្រូវ​បាន​ដោះលែង​កាល​ពី​ថ្ងៃ​សុក្រ​ សប្ដាហ៍​មុន ក្រោយ​ពេល​ដែល​អ្នកស្រី​ជាប់​ឃុំ​នៅ​ប្រទេស​កាណាដា​អស់​រយៈពេល ៣ឆ្នាំ​​កន្លង​ទៅ​។

កាល​ពី​ខែ​ធ្នូ ​ឆ្នាំ២០១៨ អាជ្ញាធរ​កាណាដា​បាន​ចាប់​ខ្លួន​អ្នកស្រី​នៅ​អាកាសយានដ្ឋាន​ទីក្រុង​ Vancouver តាម​រយៈ​សំណើ​របស់​សហរដ្ឋអាមេរិក ដោយ​អ្នកស្រី​ត្រូវ​បាន​ចោទប្រកាន់​ក្រោម​បទ​ល្មើស​រំលោភ​បំពាន​លើ​ទណ្ឌកម្ម​សហរដ្ឋអាមេរិក ​ដាក់​លើ​អ៊ីរ៉ង់។ កូនស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន Huawei រូប​នេះ ក្រោយ​មក​ក៏​ដាក់​ឃុំ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កាណាដា។

រឿងរ៉ាវ​ដ៏​ស្មុគស្មាញ​នេះ​ត្រូវ​បាន​កើត​ឡើង​ អំឡុង​ពេល​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ចិន​មាន​ការ​ធ្លាក់​ចុះ ដែល​នៅ​ពេល​នោះ​ប្រទេស​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​ប្រឈម​មុខ និង​បង្ហាញ​ភាព​តានតឹង​ដាក់​គ្នា​ទៅ​វិញ​ទៅមក ជាពិសេស​នៅ​លើ​ផ្នែក​ពាណិជ្ជកម្ម។

បើ​យោង​តាម​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋអាមេរិក អ្នកស្រីម៉េង បាន​ធ្វើ​ការ​បិទ​បាំង​ មិន​បាន​បញ្ជាក់​ច្បាស់​ពី​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន Skycom ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង ទៅ​កាន់​ធនាគារ​អង់គ្លេស HSBC កាល​ពី​ឆ្នាំ២០១៣កន្លង​ទៅ។

ដោយ​យោង​លើ​ស្លាយ​ Powerpoint មួយ​ អាមេរិក​បាន​ចោទ​ថា អ្នកស្រី​ ម៉េង កុហក​ខាង​ធនាគារ HSBC ថា​ ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន Skycom ត្រឹម​តែ​ជា​ដៃគូ​ធុរកិច្ច​ ដែល​ប្រកប​ជំនួញ​នៅ​ប្រទេស​អ៊ីរ៉ង់។ ខាង​អាមេរិក​បាន​លើកឡើង​ពី​ទឡ្ហីករណ៍ ហើយ​ធ្វើ​ការ​សន្និដ្ឋាន​ថា ក្រុមហ៊ុន Skycom ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន​ Huawei។

បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត សហរដ្ឋអាមេរិក​ក៏​បាន​ធ្វើ​ការ​ស្នើ​ទៅ​កាន់​តុលាការ​កាណាដា​ឱ្យ​ធ្វើ​បត្យាប័ន​បញ្ជូន​អ្នកស្រី ម៉េង ឱ្យ​មក​កាត់​ក្ដី​នៅ​តុលាការ​សហរដ្ឋអាមេរិក​វិញ។ យ៉ាងណាមិញ ករណី​នេះ​ត្រូវ​បាន​ដេញដោល និង​តតាំង​ក្ដី​អស់​រយៈពេល​ជា​ច្រើន​។

លុះ​រហូត​ដល់​ថ្ងៃ​ទី២៤ ខែ​កញ្ញា អ្នកស្រី និង​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​បាន​សម្រេច​កិច្ចព្រមព្រៀង​ផ្លូវ​ច្បាប់​មួយ ដោយ​អនុញ្ញាត​ឱ្យ​អ្នកស្រី​មាន​សេរីភាព ហើយ​អាមេរិក​ទម្លាក់​សំណើ​ក្នុង​ការ​ធ្វើ​បត្យាប័ន ដើម្បី​កាត់​ទោស​អ្នកស្រី។ ជា​ថ្នូរ​មក​វិញ អ្នកស្រី​បាន​យល់​ព្រម​លើ​សេចក្ដីថ្លែងការណ៍​មួយ ដែល​ថា​រាល់​ពាក្យ​អ្នកស្រី​និយាយ​ការពារ​ខ្លួន​នៅ​ក្នុង​តុលាការ​នា​ពេល​កន្លង​មក​មិន​មាន​ភាព​ត្រឹមត្រូវ​នោះ​ទេ។

បើ​ទោះ​ជា​អ្នកស្រី​ត្រូវ​បាន​ដោះលែង​ក៏​ពិត​មែន ប៉ុន្តែ​រឿង​ក្ដី​ក្រុមហ៊ុន​ Huawei និង​សហរដ្ឋអាមេរិក​ នៅ​តែ​បន្ត​ដដែល​។

យ៉ាងណាមិញ ការ​ដោះលែង​របស់​អ្នកស្រី​ ម៉េង ហាក់​បី​ដូច​ជា​ សហរដ្ឋអាមេរិក​បំពេញ​នូវ​ការ​ទាមទារ​របស់​ចិន​អញ្ចឹង។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នក​តាមដាន​មួយ​ចំនួន។

លោក Wei Zongyou សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ Fudan ដែល​មាន​មូលដ្ឋាន​នៅ​សៀងហៃ​យល់​ឃើញ​ថា ការ​ដោះលែង​អ្នកស្រី ម៉េង អាច​ជា​សញ្ញាណ​បង្ហាញ​ពី​សុឆន្ទៈ​របស់​រដ្ឋការ​លោក​ប្រធានាធិបតី ចូ បៃដិន ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ចិន។

«នេះ​អាច​ជា​ការ​ឆ្លើយ​នឹង​ការ​ទាមទារ​មួយ​ចំនួន​របស់​ចិន​ ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​អាមេរិក-ចិន មាន​ភាព​ប្រសើរ​ឡើង»។ នេះ​ជា​ការ​លើកឡើង​របស់​លោក​ប្រាប់​ទៅ​កាន់​សារព័ត៌មាន South China Morning Post។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​ អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ធានជីន ប្រទេស​ចិន ដោយ​ក្នុង​នោះ​ដែរ​ អ្នកស្រី​បាន​ជួប​សមភាគី​របស់​អ្នកស្រី​គឺ លោក Xie Feng អនុ​រដ្ឋមន្ត្រី​ការបរទេស​ចិន។

អំឡុង​ពេល​នោះ​ លោក Xie បាន​បង្ហាញ​ពី​បញ្ជី​នៃ​ការ​ទាមទារ​របស់​ចិន​ចំនួន ២ ដោយ​បញ្ជី​ទី១ ស្ដីពី​បញ្ជី​នៃ​ទង្វើ​អាក្រក់​របស់​អាមេរិក ដែល​ត្រូវ​តែ​បញ្ឈប់​ និង​បញ្ជី​ទី២ គឺ​បញ្ជី​ដែល​ចិន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ទៅ​លើ​សហរដ្ឋអាមេរិក​ពាក់ព័ន្ធ​នឹង​បញ្ហា​មួយ​ចំនួន។ ករណី​ក្នុង​ការ​ទាមទារ​ឱ្យ​ដោះលែង​អ្នកស្រី ម៉េង គឺ​ស្ថិត​ក្នុង​បញ្ជី​ទី​មួយ ពោល​គឺ​ចិន​ចង់​ឱ្យ​អាមេរិក​បញ្ឈប់​នូវ​ការ​ធ្វើ​​ទុក្ខបុកម្នេញ និង​ការ​យាយី​នានា ទៅ​លើ​សហគ្រាស និង​ស្ថាប័ន​របស់​ខ្លួន។

អ្នកវិភាគ​មួយ​ចំនួន​បាន​ប្រាប់​សារព័ត៌មាន SCMP ថា ការ​ដោះលែង​នេះ​ក៏​ជា​ការ​បើក​ផ្លូវ​មួយ​ឱ្យ​មាន​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក​ អ្នកស្រី Gina Raimondo ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ពិភាក្សា​រឿង​បញ្ហា​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​នា​ពេល​កន្លង​មក។

បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនភីង ក៏​អាច​នឹង​ជួប​គ្នា​ទ្វេភាគី​តាម​រយៈ​ប្រព័ន្ធ​វីដេអូ អំឡុង​ពេល​កិច្ច​ប្រជុំ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ២០ (G-20) ផង​ដែរ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ដដែល។

ទោះ​ជា​បែប​នេះ​ក្ដី មាន​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​នៅ​តែ​យល់​ថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ចិន​នៅ​តែ​មិន​ទាន់​មាន​សង្ឃឹម​ថា មាន​ភាព​ប្រសើរ​ឡើង​ទាំង​ស្រុង​ទេ។

លោក Van Jackson បាន​ប្រាប់​សារព័ត៌មាន Financial Times ថាការ​ដោះលែង​នេះ​មាន​សភាព​តូច​ណាស់ ខណៈ​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​ មាន​ជម្រៅ​អវិជ្ជមាន​ខ្លាំង។

សាស្ត្រាចារ្យ​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Wellington នៃ​ប្រទេស​នូវែលហ្សេឡង់​បាន​លើកឡើង​ថា «នេះ​ជា​ដំណឹង​ល្អ និង​ជា​សក្ខីកម្ម​ថា កិច្ច​សហប្រតិបត្តិការ​អាច​កើត​មាន​ឡើង ប៉ុន្តែ​វា​មិនមែន​ជា​ការ​ផ្លាស់​ប្ដូរ​ធំ​ដុំ​នោះ​ទេ»៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner