តៃវ៉ាន់បន្ធូរបន្ថយបម្រាមកូវីដ-១៩មួយចំនួន ក្រោយករណីវិជ្ជមានធ្លាក់ចុះទាប

កោះ​តៃវ៉ាន់​បន្ធូរបន្ថយ​បម្រាម​កូវីដ-១៩មួយ​ចំនួន​ដូច​ជា​ បម្រាម​នៅ​តាម​រោង​កុន កន្លែង​លេង​កីឡា ក៏​ដូច​ជា​តាម​បណ្ដា​ស្ថានីយ​រថភ្លើង​នានា​នៅ​ក្នុង​សប្ដាហ៍​នេះ ហើយ​នឹង​អនុញ្ញាត​ឱ្យ​បើក​កន្លែង​កម្សាន្ត​ជា​ច្រើន​បន្ថែម​ទៀត​ចាប់​ពី​ថ្ងៃ​ទី៥ ខែ​តុលា។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​ Chen Shih-chung រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​សុខុមាលភាព​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។

ការ​បន្ធូរបន្ថយ​បម្រាម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ករណី​វិជ្ជមាន​ប្រចាំ​ថ្ងៃ​នៅ​តៃវ៉ាន់​ធ្លាក់​ចុះ​យ៉ាង​គំហុក ចាប់​តាំង​ពី​មាន​ការ​កើន​ឡើង​ខ្លាំង​កាល​ពី​ខែ​ឧសភា ដោយ​នៅ​កាល​នោះ​ជា​មធ្យម​ក្នុង​រយៈពេល ១សប្ដាហ៍​មាន​ករណី​វិជ្ជមាន​ប្រចាំ​ថ្ងៃ​ក្បែរ ៦០០ករណី។

ដោយ​ឡែក​នៅ​ក្នុង​ខែ​កញ្ញា​នេះ​វិញ ក្នុង​មួយ​ថ្ងៃ​មាន​ក្រោម ១០ករណី ហើយ​កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា​កន្លង​ទៅ មិន​មាន​ករណី​វិជ្ជមាន​ថ្មី​នោះ​ទេ​នៅ​ក្នុង​ដែនដី​កោះ​តៃវ៉ាន់។

រដ្ឋមន្ត្រី​សុខាភិបាល​តៃវ៉ាន់​បាន​និយាយ​ថា នឹង​លែង​មាន​ការ​កំណត់​ចំនួន​មនុស្ស​ចូល​ទៅ​ទស្សនា​នៅ​តាម​រោងកុន​ ក្នុង​កន្លែង​តាំង​ពិពណ៌​ ឬ ព្រឹត្តិការណ៍​កីឡា​នានា​។ ចំណែក​ឯ​ក្នុង​វិស័យ​កម្សាន្ត​ដូច​ជា ហាង​ដែល​មាន​ធ្លា​បិទ​ជិត ឬ កន្លែង​ផ្ដល់​សេវាកម្ម​ខារ៉ាអូខេ​ជា​ដើម បុគ្គលិក​ដែល​បម្រើ​ការ​នៅ​ទីនោះ​ត្រូវ​តែ​ទទួល​វ៉ាក់សាំង​យ៉ាង​តិច​មួយ​ដូស រយៈពេល ១៤ថ្ងៃ​មុន​ពេល​ដែល​កន្លែង​ទាំង​នោះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ឡើង​វិញ។

យ៉ាងណាមិញ វិធានការ​សុខាភិបាល​មួយ​ចំនួន​នៅ​តែ​បន្ត​អនុវត្ត ខណៈ​កាតព្វកិច្ច​ក្នុង​ការ​ពាក់​ម៉ាស​នៅ​តាម​ទី​សាធារណៈ​នៅ​តែ​មាន ហើយ​មិន​មែន​ផែនការ​ណា​មួយ​ក្នុង​ការ​លុបចោល​កាតព្វកិច្ច​នេះ​នៅ​ពេល​ឆាប់ៗ​នោះ​ទេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner