កូរ៉េខាងជើងហាមអ្នកទេសចរ បរទេសចូលក្នុងប្រទេសខ្លួន ដោយសារព្រួយបារម្ភពីការរីករាលដាលខ្លាំងនៃវីរុសផ្លូវដង្ហើមថ្មីនៅចិន
កូរ៉េខាងជើង៖ កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាងក្នុងតំបន់បានរាយការណ៍ថា កូរ៉េខាងជើងបានហាមក្រុមអ្នកទេសចរបរទេសចូលប្រទេសខ្លួន ដែលចំណាត់ការនេះ ត្រូវបានធ្វើឡើងដើម្បីការពារប្រឆាំងនឹងការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មីមកពីចិន ។

ទន្ទឹមនេះ ក្រុមហ៊ុនទេសចរណ៍ Young Pioneer Tours ដែលមានមូលដ្ឋាននៅប្រទេសចិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការបិទព្រំដែនកូរ៉េខាងជើងជាបណ្តោះអាសន្ននេះ នឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែមករានេះ និងថាសេចក្តីលម្អិតបន្ថែម មិនទាន់ត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនដៃគូកូរ៉េខាងជើងរបស់ខ្លួននៅឡើយទេ ។

សូមបញ្ជាក់ថា ក្រុមអ្នកទេសចរបរទេសភាគច្រើនដែលទៅកាន់ប្រទេសកូរ៉េខាងជើង គឺជាជនជាតិចិន ឬជាប្រជាជនដែលធ្វើដំណើរទៅកូរ៉េខាងជើងពីចិន ដែលជាប្រទេសសម្ព័ន្ធមិត្តការទូត និងជាអ្នកផ្តល់ជំនួយដ៏ធំបំផុតរបស់ខ្លួន ។ វិស័យទេសចរណ៍ គឺជាប្រភពនៃរូបិយប័ណ្ណបរទេសស្របច្បាប់មួយ ក្នុងចំណោមរូបិយប័ណ្ណបរទេសស្របច្បាប់ផ្សេងទៀតរបស់កូរ៉េខាងជើង ដែលកំពុងទទួលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដោយសារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ៕ធ.ដ

