ឡិចសុីសRX330 បើកបរខ្វះការប្រុងប្រយ័ត្ន ទៅបុកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ មានបុរសម្នាក់បើករថយន្តមួយគ្រឿងយ៉ាងលឿន ហើយជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាត តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២ ៖៣០នាទីយប់ទៀបភ្លឺថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើបានបើករថយន្តឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP- 8723 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់២កង់ និងបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់១ដើមរៀបដល់ដី រីឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយភ្លាមៗនោះម្ចាស់រថយន្តបានទុករថយន្តចោល និងបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញឲ្យចុះវាស់វែងស្ទូចយករថយន្តបង្កទៅការិយាល័យចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ រងចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕ធ.ដ
