នគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ឡូ ភារម្យ អធិការរងទទួលផ្នែកបទល្មើសគ្រឿងញៀន ខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះថា មានកម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះ នៃខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
លោកអធិការរងបានឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់រួមមាន ៖ ទី១ឈ្មោះ វ៉ា វ៉ាន់រ័ត្ន ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះនរាសង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ។ ទី២ ឈ្មោះ ប្រាក់ បូរ៉ា ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិអូអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំណែកវត្ថុតាងដកហូតរួមមាន ៖ -ក្រាមពណ៌សថ្លា០១កញ្ចប់ថង់តូច -ម៉ូតូ០១គ្រឿងម៉ាក HONDA សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-0676 ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ធ.ដ

