កូរ៉េខាងជើង៖ ការធ្វើតេស្តអាវុធចុងក្រោយនេះ គឺជាប្រភេទមីស៊ីលល្បឿនលឿនជាងសំឡេងដែលទើបអភិវឌ្ឍន៍ថ្មី

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងតាមរយៈសារព័ត៌មានរដ្ឋរបស់ខ្លួនបានចេញផ្សាយថា ការធ្វើតេស្តអាវុធលើកចុងក្រោយនេះ គឺជាមីស៊ីលលឿនជាងសំឡេង «ហៃភើសូនិច» (hypersonic missile) ប្រភេទថ្មី ដែលខ្លួនទើបបានអភិវឌ្ឍឡើង។

ក្រុមអ្នកវិទ្យាសាស្ត្រអភិវឌ្ឍវិស័យការពារជាតិកូរ៉េខាងជើង ត្រូវបានសារព័ត៌មានរដ្ឋ KCNA ដកស្រង់សម្តីយ៉ាងដូច្នេះថា នេះគឺជាការធ្វើតេស្តលើកដំបូងហើយ សម្រាប់ប្រព័ន្ធគ្រប់គ្រងទិសដៅ និងលំនឹងរបស់គ្រាប់មីស៊ីល។ គ្រាប់មីស៊ីលប្រភេទថ្មីនេះមានឈ្មោះថា វ៉ាសុង-៨ (Hwasong-8) គឺជាប្រភេទមីស៊ីល ហៃភើសូនិច ប្រើប្រាស់ម៉ាស៊ីនជំរុញដើរដោយថាមពលឥន្ធនៈរាវជាលើកដំបូងរបស់កូរ៉េខាងជើង។​ មីស៊ីលប្រភេទថ្មីខាងលើនេះ ត្រូវបានបាញ់ចេញពីតំបន់ឆ្នេរភាគខាងកើតកូរ៉េខាងជើង និងធ្លាក់ចូលទៅក្នុងដែលសមុទ្រភាគខាងកើតនោះវិញ។

សារព័ត៌មានកូរ៉េខាងជើង KCNA បានហៅព្រឹត្តិការណ៍កាលពីថ្ងៃអង្គារនោះថា គឺការបង្កើនសមត្ថភាព ការពារខ្លួនរបស់កូរ៉េខាងជើង ខណៈគ្រាប់មីស៊ីលហៃភើសូនិក (អាចហោះលឿនជាងល្បើនសំឡេង ៥ដងឡើងទៅ ឬស្មើនឹងជាង ១គីឡូម៉ែត្រក្នុង១វិនាទី) នេះត្រូវបានចាត់ទុកជា «អាវុធយុទ្ធសាស្ត្រ»។ សម្រាប់ការធ្វើតេស្តលើកចុងក្រោយ នៅថ្ងៃអង្គារម្សិលមិញនេះ មិនមានវត្តមានប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចូលរួមអង្កេតដោយផ្ទាល់នោះឡើយ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner