ប្រធានាធិបតីបារាំងប្រាប់អឺរ៉ុបអោយឈប់ធ្វើមនុស្សឆោតល្ងង់ បន្ទាប់ពីបារាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយក្រិក
ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃអង្គារនេះថ្លែងថា អឺរ៉ុបត្រូវការបញ្ឈប់ភាពឆោតល្ងង់ ពាក់ព័ន្ធនឹងការការពារផលប្រយោជន៍របស់ខ្លួន និងការកសាងសមត្ថភាពយោធាផ្ទាល់ខ្លួន ខណៈការអះអាងបែបនេះធ្វើឡើងបន្ទាប់ពីក្រិកបានបញ្ចប់កិច្ចព្រមព្រៀងទិញនាវាចម្បាំងបារាំង ដែលមានតម្លៃប្រហែល ៣ ពាន់លានអឺរ៉ូ ឬស្មើនឹង ៣.៥១ ពាន់លានដុល្លារ។
លោក ម៉ាក្រុង បាននិយាយបន្ទាប់ពីចុះកិច្ចព្រមព្រៀងនៅវិមានអេលីសេ ជាមួយនាយករដ្ឋមន្ត្រីក្រិកលោក គីរីយ៉ាកូស មីតសូតាគីស ថា អឺរ៉ុបត្រូវចេញពីភាពឆោតល្ងង់របស់ពួកគេ និងថា ប្រជាជាតិអឺរ៉ុបត្រូវបង្ហាញពួកគេថា អឺរ៉ុបក៏មានអំណាច និងសមត្ថភាពការពារខ្លួនដែរ។ ជាមួយគ្នានេះ លោក ម៉ាក្រុង ក៏បានគូសបញ្ជាក់ពីផលវិបាកនៃការពិតដែលថា សហរដ្ឋអាមេរិកផ្តោតសំខាន់លើប្រយោជផ្ទាល់ខ្លួន និងជាយុទ្ធសាស្ត្រដែលឆ្ពោះទៅរកចិន និងប៉ាស៊ីហ្វិក។ លោក ម៉ាក្រុង បញ្ជាក់ទៀតថា ជាមួយប្រទេសក្រិច ឥឡូវនេះយើងកំពុងចូលទៅក្នុងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យការពារជាតិ និងសន្តិសុខ… វានឹងជួយពង្រឹងសន្តិសុខរួម និងអធិបតេយ្យភាពអឺរ៉ុបរបស់យើង។
សូមបញ្ជាក់ថា បារាំងនៅថ្ងៃអង្គារនេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយប្រទេសក្រិក សម្រាប់ការលក់នាវាចម្បាំងការពារ និងអន្តរា គមន៍ផលិតដោយបារាំងចំនួន ៣ គ្រឿង ដែលជាផ្នែកមួយនៃ «ភាពជាដៃគូយុទ្ធសាស្ត្រ»រវាងប្រទេសទាំងពីរ៕ ប្រភព៖ CGTN


