ការសិក្សាបង្ហាញថា ហ្សំប៊ីជំពាក់បំណុលចិនខ្ពស់ជាងជិតពីរដងនៃការប៉ាន់ស្មានរបស់រដ្ឋាភិបាលចាស់
ចូហានណេសប៊ឺក៖ ការប៉ាន់ស្មានរបស់គំនិតផ្តួចផ្តើមស្រាវជ្រាវអាហ្វ្រិកចិន (CARI) ពីការវិភាគទិន្នន័យប្រាក់កម្ចីចេញផ្សាយកាលពីថ្ងៃអង្គាររកឃើញថា ប្រទេសហ្សំប៊ីជំពាក់បំណុលស្ថាប័នផ្តល់ប្រាក់កម្ចីសាធារណៈ និងឯកជនចិនចំនួន ៦,៦ ប៊ីលានដុល្លារដែលស្ទើរតែទ្វេដងនៃចំនួនដែលរដ្ឋាភិបាលចាស់របស់ប្រទេសនេះបង្ហាញកាលពីលើកមុន។

អតីតរដ្ឋាភិបាលដឹកនាំដោយលោក Edgar Lungu និយាយថា ហ្សំប៊ីជំពាក់បំណុលចិនចំនួន ៣,៤ ប៊ីលានដុល្លារ។ ប៉ុន្តែការប៉ាន់ស្មានដែលចេញផ្សាយដោយ CARI កាលពីថ្ងៃអង្គារ រួមជាមួយនឹងការយល់ស្របពីលោកប្រធានាធិបតីថ្មី Hakainde Hichilema ដែលចូលកាន់តំណែងកាលពីខែមុនបង្ហាញថា បំណុលរដ្ឋខ្ពស់ជាងតួរលេខនេះ។
ក្រសួងហិរញ្ញវត្ថុនិយាយថា តួលេខផ្លូវការរបស់ខ្លួនមានភាពស៊ីសង្វាក់គ្នាជាមួយការប៉ាន់ស្មានរបស់ CARI ដោយបន្ថែមថារបាយការណ៍របស់រដ្ឋាភិបាលបច្ចុប្បន្នស្តីពីបំណុលសាធារណៈមានភាពត្រឹមត្រូវ និងមានតម្លាភាព។
ក្រសួងនិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ម្ចាស់បំណុលសំខាន់ៗ និងអ្នកពាក់ព័ន្ធ រួមទាំងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងទីប្រឹក្សាគណៈកម្មាធិការពិសេសរបស់មូលបត្របំណុល បានទទួលទិន្នន័យលម្អិតបន្ថែមអំពីការបង្កើតបំណុលសាធារណៈតាមប្រភេទនីមួយៗក្រោមកិច្ចព្រមព្រៀងដែលមិនបើកបង្ហាញ»។
ម្ចាស់បំណុលអន្តរជាតិដែលរដ្ឋាភិបាលកំពុងពិភាក្សា ត្អូញត្អែរថាកង្វះព័ត៌មានលម្អិតស្តីពីប្រាក់កម្ចីចិនរបស់ហ្សំប៊ី ដែលមានល័ក្ខខ័ណ្ឌមិនបង្ហាញជាក់លាក់ រារាំងដំណើរការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ប្រទេសនេះឡើងវិញ។ អ្នកស្រាវជ្រាវរបស់ CARI លោកស្រី Deborah Brautigam និងលោកស្រី Yinxuan Wang សរសេរថា៖ «ដោយសារស្ថានភាពស្មុគស្មាញ ការឈានដល់ការមូលមតិគ្នាលើបន្ទុករួមទំនងជាពិបាកខ្លាំង»។
តួលេខចំនួន ៦,៦ ប៊ីលានដុល្លារដែលរកឃើញ ផ្អែកលើទិន្នន័យដែលប្រមូលដោយ CARI របស់សាកលវិទ្យាល័យចនហបឃីនស៍ ដោយមិនរាប់បញ្ចូលការពិន័យ ឬការប្រាក់ដែលបន្តកើនឡើងនោះឡើយ។
ចិន ជាអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគីឈានមុខគេនៅក្នុងប្រទេសអាហ្វ្រិកចំនួន ៣២ និងជាម្ចាស់បំណុលធំបំផុតរបស់ទ្វីប។ ប្រទេសនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមផ្អាកសេវាកម្មបំណុល G-២០ (DSSI) ដែលគាំទ្រដោយធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលផ្អាកការទូទាត់បំណុលដល់ប្រទេសក្រីក្របំផុតនៅលើពិភពលោកជាច្រើន។
យ៉ាងណាមិញ ជាពិសេសរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានជំរុញឱ្យប្រទេសចិនផ្តល់ទិន្នន័យបន្ថែមដល់ម្ចាស់បំណុលផ្សេងទៀតអំពីប្រាក់កម្ចីរបស់ខ្លួន ដោយកត់សំគាល់ថា អង្គភាពចិនខ្លះមិនចូលរួមគ្រប់អ្វីដែលមានក្នុង DSSI នោះទេ។
បើតាម IMF បណ្តាប្រទេសអាហ្វ្រិកនឹងត្រូវការហិរញ្ញប្បទានបន្ថែមរហូតដល់ ២៨៥ ប៊ីលានដុល្លារក្នុងកំឡុងឆ្នាំ ២០២១-២៥ ដើម្បីបង្កើនការឆ្លើយតបការចំណាយរបស់ពួកគេចំពោះជំងឺរាតត្បាតកូវីដ-១៩។ យោងតាមការចុះផ្សាយរបស់ Economic Times ប្រាក់កម្ចីសរុបរបស់ចិនទៅអាហ្វ្រិកចន្លោះឆ្នាំ ២០០០-១៨ មានចំនួន ១៤៨ ប៊ីលានដុល្លារ ដោយផ្ដល់ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ប្រហែល ៦៦ ភាគរយនៃចំនួនប្រាក់កម្ចី ត្រូវបានផ្តល់សម្រាប់វិស័យដឹកជញ្ជូន និងថាមពល។
ចំពោះហ្សំប៊ីវិញ ការសិក្សាដែលចេញផ្សាយកាលពីថ្ងៃអង្គារនេះប៉ាន់ប្រមាណថា ធនាគារធំៗ និងតូចតាចចំនួន ១៨ របស់ប្រទេសចិនផ្ដល់ប្រាក់កម្ចីចំនួន ៧,៧៧ ប៊ីលានដុល្លារទៅឱ្យប្រទេសនេះ និងសហគ្រាសរដ្ឋរបស់ខ្លួនចន្លោះពីឆ្នាំ ២០០០ ដល់ខែសីហាឆ្នាំ ២០២១។ តាមការចុះផ្សាយរបស់ BBC រដ្ឋាភិបាលចាស់របស់លោក Lungu ខ្ចីប្រាក់យ៉ាងច្រើនរួមទាំងពីប្រទេសចិន ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
ក្រុមអ្នកស្រាវជ្រាវនិយាយថា ការប៉ាន់ស្មានថ្មីនេះមិនធ្វើឱ្យចំនួនបំណុលសរុបរបស់ហ្សំប៊ី១៤,៣ ប៊ីលានដុល្លារមានការកែប្រែនោះទេ ប៉ុន្តែបង្ហាញថារដ្ឋាភិបាលរបស់លោក Lungu មិនមានតម្លាភាពអំពីអ្នកផ្តល់ហិរញ្ញប្បទានចិន ក្នុងចំណោមម្ចាស់បំណុលខាងក្រៅជាច្រើនទៀត។
ទោះបីយ៉ាងនេះក្ដី អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបម្រើការក្នុងអាណត្តិរបស់លោក Lungu និយាយថា វាជារឿងមិនពិតនោះទេដែលចំនួនបំណុលរបស់ហ្សំប៊ីមិនត្រូវបានបង្ហាញឱ្យច្បាស់លាស់។ លោកនិយាយក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយមុនការប៉ាន់ស្មានរបស់ CARI ថា៖ «យើងមិនដែលលាក់បំណុលណាមួយនោះទេ»។ យ៉ាងណាមិញ អតីតរដ្ឋមន្រ្តីរូបនេះមិនធ្វើការអត្ថាធិប្បាយយ៉ាងណាទេនៅពេលសួរអំពីការប៉ាន់ស្មានលើបំណុលចិន។
បំណុលជាបញ្ហាមួយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ហ្សំប៊ី។ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៨មក ប្រទេសនេះបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំទៅ ហើយកាលពីខែវិចិ្ឆកាឆ្នាំមុន ប្រទេសដែលសំបូររ៉ែស្ពាន់នៃអាហ្វ្រិកមួយនេះក៏ ក្លាយប្រទេសដំបូងគេរបស់ទ្វីបដែលមិនអាចសងបំណុលរដ្ឋក្នុងសម័យកូវីដ-១៩។
លោកប្រធានាធិបតីថ្មី Hichilema និយាយកាលពីដើមខែកញ្ញាថា លោកស្នងដំណែងដោយបាតដៃទទេ ខណៈពេលថវិកាជាតិក៏ត្រូវគេលួច។ ជាមួយគ្នានោះ អង្គការពលកម្មអន្តរជាតិ (ILO) ប៉ាន់ប្រមាណថា ភាពអត់ការងារធ្វើកើនឡើងដល់ជាង ១២% ក្នុងឆ្នាំ ២០២០ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១១។