ផលវិបាកនៃជំហរប្រឆាំងចិនរបស់អូស្ត្រាលី

ប្រមាណ​បួន​ឆ្នាំ​បន្ទាប់​ប្រកាស​ថា​ខ្លួន​ «ឈរ​តតាំង​» នឹង​ប្រទេស​ចិន​ ប្រទេស​អូស្ត្រាលី​គឺ​កំពុង​ប្រឈម​មុខ​នឹង​ផលវិបាក​សេដ្ឋកិច្ច​ និង​នយោបាយ​ នៃ​ការ​ផ្លាស់​ប្ដូរ​គោលនយោបាយ​ ដែល​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ធ្លាក់​ដល់​កម្រិត​ទាប​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។​

សម្ព័ន្ធមិត្ត​ជា​ច្រើន​បាន​គាំទ្រ​ និង​កោត​សរសើរ​ការ​ផ្លាស់​ប្ដូរ​ជំហរ​របស់​អូស្ត្រាលី​មក​ប្រឆាំង​នឹង​ចិន​ ដែល​ក្នុង​ខែ​នេះ​ទំនាក់​ទំនង​បាន​ធ្លាក់​ចុះ​មួយ​កម្រិត​ទៀត​បន្ទាប់​ការ​ប្រកាស​កិច្ចព្រមព្រៀង​សន្តិសុខ​ជា​មួយ​សហរដ្ឋអាមេរិក​ និង​ចក្រភព​អង់គ្លេស AUKUS ដែល​នឹង​អនុញ្ញាត​ឱ្យ​អូស្ត្រាលី​សាងសង់​នាវា​មុជ​ទឹក​នុយក្លេអ៊ែរ​។ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​បាន​និយាយ​អូស្ត្រាលី​បាន​មើល​រំលង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជា​ច្រើន​ ក្នុង​ការ​ចូល​រួម​កិច្ច​ខិតខំ​ប្រឆាំង​នឹង​ចិន​។

ច្បាប់​ទូលំទូលាយ​ថ្មី​ដើម្បី​ប្រឆាំង​ការ​រីក​រាលដាល​ឥទ្ធិពល​បរទេស​ក្នុង​អូស្ត្រាលី​ បាន​ដាក់​ក្រុម​ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ចិន​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​ខ្លាំង។ ទំនាក់​ទំនង​ទៅ​បរទេស​ ដែល​មាន​លក្ខណៈ​ធម្មតា​ហើយ​សូម្បី​តែ​មិន​មែន​ទៅ​ប្រទេស​ចិន​ ក៏​ត្រូវ​ទាញ​ចូល​ការ​ឃ្លាំមើល និង​ការប្រមូល​ផ្ដុំ​ទិន្នន័យ​ ដែលធ្វើ​ឱ្យ​ពលរដ្ឋ​ទាំង​នេះ​មាន​ការ​ភ័យ​ខ្លាច​អំពី​ការ​ពិភាក្សា​ប្រធានបទ​រសើប​ៗ​។

ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា​ច្បាប់​នេះ​គឺ​ធ្វើ​ឱ្យ​មាន​ការ​រើស​អើង​ពូជសាសន៍​ ហើយ​ធ្វើ​ឱ្យ​ក្រុម​ជនជាតិ​ភាគ​តិច​កាន់​តែ​មាន​ភាព​ភ័យ​ខ្លាច និង​ជៀសវាង​ចូល​រួមសកម្មភាព​សាធារណៈ ឬ​សូម្បី​តែ​​ចាក​ចេញ​ពី​ប្រទេស​អូស្ត្រាលី​។

ក្រុម​អ្នក​ការ​ពារ​ច្បាប់​នេះ​ បាន​និយាយ​វា​បាន​កាត់​បន្ថយ​ការ​ជ្រៀតជ្រែក​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ចិន​ ទៅ​លើ​សមាគម​ជនជាតិ​ចិន​នៅ​ប្រទេស​អូស្ត្រាលី ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ការ​ចាប់​ខ្លួន​ ឬ​ផ្ដន្ទាទោស​បុគ្គល​ណា​មួយ​ដែល​ពាក់ព័ន្ធ​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​ចិន​ទេ​។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អូស្ត្រាលី​ បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ម្ចាស់​ឧស្សាហកម្ម​​អ្នក​ផលិត​ស្រា​ក្រហម និង​កសិករ​អូស្ត្រាលី​ជា​ច្រើន​។ ផែន​ការ​ធ្វើ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ជា​ច្រើន​ទៅ​ក្នុង​ឧស្សាហកម្ម​អូស្ត្រាលី​ដូចជា​ឧស្សាហកម្ម​ទឹកដោះគោ​ ត្រូវ​បាន​រារាំង​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​ ដែល​ជា​រឿយៗ​មិន​បាន​ផ្ដល់​ហេតុ​ផល​។

រហូត​មក​ដល់​ពេល​នេះ​អូស្ត្រាលី​បាន​ទ្រទ្រង់​នឹង​ផល​វិបាក​សេដ្ឋកិច្ច​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​បាន​ ដោយ​សារ​ប្រទេស​ចិន​នៅ​មិន​អាច​រក​អ្វី​មក​ជំនួស​ការ​នាំចូល​រ៉ែដែក​របស់​អូស្ត្រាលី​បាន​ទេ​ ហើយ​ក្រុង​កង់បេរ៉ា​បាន​រក​ឃើញ​ទីផ្សារ​ថ្មី​សម្រាប់​ផលិតផល​ដែល​ចិន​ឈប់​នាំ​ចូល​។ ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​បាន​និយាយ​ថា​ការ​បាត់​បង់​ចំណែក​ទីផ្សារ​នៅ​ប្រទេស​ចិន​ នឹង​ធ្វើ​ឱ្យ​មាន​ផល​វិបាក​ធំ​ជាង​នេះ​នៅ​ពេល​អនាគត​។

អ្វី​ៗ​នេះ​គឺ​ផ្ទុយ​ពី​កាល​ពី​ជិត​ ១០ ឆ្នាំ​មុន​ ដែល​កាល​នោះ​អូស្ត្រាលី​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជា​មួយ​នឹង​ប្រទេស​ចិន​ បាន​ធ្វើ​ការ​បើក​សេដ្ឋកិច្ច​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​ទីក្រុង​ប៉េកាំង​ ហើយ​សូម្បី​តែ​បាន​ពិចារណា​បង្រៀន​ភាសា​ចិន​នៅ​សាលា​សាធារណៈ​ទៅ​ទៀត​។ គេ​គិត​ថា​អូស្ត្រាលី​កាល​នេះ​បាន​ព្យាយាម​កសាង​ទំនាក់ទំនង​ជិត​ស្និត​ជា​មួយ​ចិន​ គឺ​ដើម្បី​បង្កើត​រូបភាព​ថា​ខ្លួន​បាន​ប្រែក្លាយ​ជា​អំណាច​មួយ​ក្នុង​តំបន់ ហើយ​លុប​បំបាត់​រូបភាព​ថា​អូស្ត្រាលី​ជា​កូន​ចៅ​របស់​លោក​ខាង​លិច​ ជា​ពិសេស​អាមេរិក នៅ​អាស៊ី-ប៉ាស៊ីហ្វិក​។

អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា​ការ​ធ្លាក់​ចុះ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ គឺ​មិន​មែន​កំហុស​របស់​អូស្ត្រាលី​ទាំង​ស្រុង​ទេ​ ដោយ​ពួកគេ​និយាយ​ថា​សកម្មភាព​មួយ​ចំនួន​របស់​ចិន​បាន​ធ្វើ​ឱ្យ​អូស្ត្រាលី​ត្រឡប់​ទៅ​រក​អាមេរិក​វិញ​។

កាល​ពី​ឆ្នាំ​ ២០១៧ ការ​បែក​ធ្លាយ​ព័ត៌មាន​ និង​ការ​ស៊ើប​អង្កេត​ជា​បន្តបន្ទាប់​បាន​រក​បង្ហាញ​ថា​ឥទ្ធិពល​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ជ្រៀត​ជ្រែក​ចូល​ស្ថាប័ន​នយោបាយ​របស់​អូស្ត្រាលី​ និង​ស្ថាប័ន​ផ្សេង​ទៀត​ដូចជា​សាកលវិទ្យាល័យ​ និង​ក្រុមហ៊ុន​ធំ​ៗ ដើម្បី​កាច់​ចង្កូត​គោលនយោបាយ​ឱ្យ​គាំទ្រ​ផល​ប្រយោជន៍​របស់​ប្រទេស​ចិន​។ ការ​បែក​ធ្លាយ​រឿង​អាស្រូវ​នេះ​បាន​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។

ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ស៊ី ជីនពីង​ ចិន​ប្រកាន់​ជំហរ​មិន​ចុះ​ចាញ់​ ហើយ​បាន​ដាក់​ទណ្ឌកម្ម​ទៅ​វិញ​ទៅ​មក​ជា​មួយ​ប្រទេស​អូស្ត្រាលី​ និង​បាន​បង្កក​ការ​ពិភាក្សា​ជាន់​ខ្ពស់​ជា​ច្រើន​។ សូម្បី​តែ​អ្នក​រិះគន់​គោលនយោបាយ​អូស្ត្រាលី​ ក៏​បាន​និយាយ​ថា​ប្រទេស​ចិន​បាន​ជួយ​ជំរុញ​ឱ្យ​ទំនាក់​ទំនង​ធ្លាក់​ចុះ​ផង​ដែរ​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner