ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ និងនារីម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីត្រូវរថយន្តស៊េរីទំនេីបម៉ាកKIAបេីកបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅត្រង់ចំណុចក្បែរផ្សារអូរឬស្សី តាមបណ្ដោយផ្លូវ១៨២ កែងផ្លូវ១០៧ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះគឺ គេឃេីញម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HA-7060 បេីកបរដោយបុរសម្នាក់ ឌុបនារីម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៨២ ទិសដៅពីលិចមកកេីត ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកKIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-1703 បេីកបរដោយបុរសជនជាតិចិនធ្វេីដំណេីរស្របទិសគ្នាមកបុកពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាអ្នកឌុបរងរបួសធ្ងន់ រីឯនារីម្នាក់អង្គុយខាងក្រោយរងរបួសស្រាល ។ ដោយឡែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខមធ្យម តែម៉ូតូខ្ទាតឆ្ងាយពីរថយន្តជាង១០ម៉ែត្ររងការខូចខាត គួរសម ។
ក្រោយកេីតហេតុ បុរសរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ រីឯរថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ធ្វេីការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដេីម្បីដោះស្រាយគ្នានាពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា