អភិបាលខេត្តបាត់ដំបងបានអំពាវនាវដល់កងកម្លាំងនៅតាមបន្ទាត់ព្រំដែនគោក ត្រូវបង្កើនការប្រុងប្រយ័ត្ន ក្នុងការថែរក្សានូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈសង្គម និងពីបរិបទសង្គមថ្មី ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលពីជំងឺកូវីដ-19 ជូនប្រជាពលរដ្ឋ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ
ក្នុងឱកាសរដូវកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅថ្ងៃខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីរាជការស៊ីវិល ថ្នាក់ដឹកនាំនៅតាមបណ្តាស្ថាប័ន មន្ទីរនិងអង្គភាពនានាចំណុះរដ្ឋបាលខេត្ត និងតំណាងដៃគូចងសម្ព័ន្ធមេត្រីភាពជាមួយ ទីបញ្ជាការ នៃ កងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំពៅលូន និងវរៈនគរបាលការពារព្រំដែនគោកលេខ៨១៩ស្ថិត ក្នុងភូមិសានៃស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីចុះសាកសួរសុខទុក្ខ ដល់កងកម្លាំងវរៈនគរបាលទាំង២ ខាងលើ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញាឆ្បាំ២០២១នេះ។ ដោយបានពាំនាំនូវ គ្រឿងឧបភោគ-បរិភោគ ភេសជ្ជៈ នំអន្សម និងថវិកាមួយចំនួន ដើម្បីជូនដល់អង្គភាពនិងកងកម្លាំងផ្ទាល់ដៃទាំង២ ខាងលើនេះផងដែរ។
ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយនិងកងកម្លាំវរៈនគរបាលការពារព្រំដែនគោកទាំង២អង្គភាពខាងលើឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានសំដែងការនឹករលឹកនិងថ្លែងនូវការកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបាននិងកំពុង តែឈរជើងនៅជួរមុខ តាមបន្ទាត់ព្រំដែនគោក ស្ថិតក្នុងភូមិសាស្ត្រ របស់ ខេត្តបាត់ដំបងដោយបានពាំនាំនូវបណ្តាំផ្ញើនិងពីការសាកសួរទុក្ខរបស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានិងជាពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង ដែលតែងតែផ្សារភ្ជាប់ពីសុខទុក្ខជាមួយកងកម្លាំងនិងប្រជាពលរដ្ឋក្នុងខេត្តកន្លងមក។ ជាពិសេស គឺការផ្សារភ្ជាប់និងការជួយឧបត្ថម្ភដល់កងកម្លាំង តាមរយៈ នូវពាក្យស្លោក”សមរភូមិក្រោយឧបត្ថម្ភនិងទំនុកបំរុងសមរភូមិមុខ” ។
តាមរយៈអំណោយដែលនាំយកទៅប្រគល់ជូនដល់កងកម្លាំងនៃវរៈនគរបាលការពារព្រំដែនគោកលេខ៨១៧ និងកម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨១៩ ក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង និងក្រុមហ៊ុនសូគីមិច បានពាំនាំនូវគ្រឿងឧបភោគបរិភោគមួយចំនួន ដូចជា៖ នំអន្សម, មី, ទឹកសុទ្ធ, ទឹកក្រូចនិងចែកថវិកាដល់កងកម្លាំងផ្ទាល់ដៃទាំង២វរៈ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា៤ម៉ឺនរៀលនិងបានឧបត្ថម្ភដល់អង្គភាពកងកម្លាំងប្រដាប់អាវុធ ក្នុងស្រុកសំពៅលូន និងស្រុកកំរៀង ទាំង៣អង្គរួមមាន៖ផ្នែកសឹករងស្រុក, កងរាជអាវុធហត្ថស្រុកនិងអធិការដ្ឋាននគរបាលស្រុក ដោយក្នុងមួយអង្គភាពៗ ទទួលបានគ្រឿងឧបភោគ និងថវិកា ចំនួន៥០ម៉ឺនរៀល ក្នុង១អង្គភាពផងដែរ។ ដោយឡែកអង្គភាពវរៈនគរបាលការពារព្រំដែនគោក ទាំង២ទទួលបានថវិកាក្នុងមួយអង្គភាពៗ ថវិកាចំនួន ៣លានរៀលផងដែរ។ដោយក្នុងនោះថវិកាឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នាយអគ្គស្នងការនគរបាលជាតិ ថវិកាចំនួន២លានរៀល ក្នុង១អង្គភាព។និងថវិកាឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក្នុង១អង្គភាព ចំនួន១លានរៀលផងដែរ។
ជាមួយនិងការថ្លែងនូវការកោតសរសើរពីវីរភាព របស់កងកម្លាំងការពារព្រំដែនគោកនៅតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជានិងថៃ ពិសេសនៅក្នុងភូមិសាស្រ្តរបស់ខេត្តបាត់ដំបង កន្លងមក។ក្នុងនោះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងក្រើនរំលឹកនិងអំពាវនារដល់គ្រប់កងកម្លាំងទាំងអស់និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែពង្រឹងនូវសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ សង្គម ការពារសុខសន្តិភាពនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ឲ្យចេះរស់នៅក្មុងបរិបទថ្មី ក្នុងការការពារទប់ស្កាត់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-19ឲ្យបានមឺងម៉ាត់ទោះបី យើងបានចាក់វ៉ាក់សាំងហើយក្តីក៏វាអាចឆ្លងនិងចម្លងបានដែរ។រួមគ្នាអនុវត្តនិងត្រូវចេះរស់នៅ ក្នុងបរិបទសម័យកាលតាមបែបគន្លងថ្មី ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាលនិងការដាក់ចេញនូវវិធានការរដ្ឋបាលរបស់អាជ្ញាធរក្នុងមូលដ្ឋានឲ្យបានម៉ឺងម៉ាត់ នូវ វិធានការ ៣.ការពារនិង ៣កុំ.ឲ្យបានដាច់ខាត។ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖នៅសល់តែ០១សប្តាហ៍ទៀតទេ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងធ្វើការបិទផ្សាយ នូវ បញ្ជីឈ្មោះអ្នកបោះឆ្នោត និងអ្នកត្រូវចុះឈ្មោះថ្មីក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១នេះ នៅតាមបណ្តាសាលាឃុំសង្កាត់នៅក្នុងស្រុកក្រុងទាំង១៤ក្នុងខេត្ត ដោយអំពាវនាវឲ្យអាជ្ញាគ្រប់ថ្នាក់ក្នុងមូលដ្ឋាន ត្រូវតែយកចិត្តទុកដាក់ក្មុងការជម្រុញប្រជាពលរដ្ឋរបស់ខ្លួនឲ្យទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត និងជំរុញដល់អ្នកគ្រប់អាយុ បានទៅចុះឈ្នោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយអាជ្ញារធរក៏ត្រូវចុះត្រួតពិនិត្យមើលទីកន្លែងបិទឈ្មោះ និងចុះឈ្មោះថ្មីទាំងនោះ ដោយត្រូវប្រកាន់ខ្ជាប់ នូវវិធានសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ក្នុងការពាក់ម៉ាស់និងត្រូវរក្សាគម្លាតសង្គម៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )






























